ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តមប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសតូច ដែលផ្តោតលើការកសាងសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរសុខមាលភាពប្រជាជន ហើយមិនបង្កការគំរាមដល់ប្រទេសណាឡើយ ហើយឯកឧត្តមបានបន្ថែមទៀតថា ការប្រើប្រាស់អាវុធគឺជាជម្រើសចុងក្រោយប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនមហាសន្និបាតដោយសេចក្តីឈឺចាប់ជាពន់ពេកថា សន្តិភាពដែលកម្ពុជាទទួលបានដោយលំបាក និងស្រលាញ់យ៉ាងជ្រាលជ្រៅ ព្រមទាំងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក បច្ចុប្បន្នកំពុងរងការគំរាមកំហែង – មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទស និងសហប្រតិបត្តិការអន្ដរជាតិបានថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ មូលបទ “រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆាំ្ន និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» យ៉ាងដូច្នេះថា កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ទៅជាអ្នករួមចំណែកដ៏មុតមាំចំពោះសន្តិសុខសកល។ ចាប់តាំងពីឆ្នាំ ២០០៦ យើង បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង ១០,០០០ នាក់ ក្នុងនោះមានស្ត្រីជាង ៨០០ នាក់ ទៅចូលរួមក្នុង បេសកកម្មរបស់អង្គការសហប្រជាជាតិចំនួនដប់ នៅទូទាំងពិភពលោក។ កងកម្លាំងរបស់យើងបានការពារ ជនស៊ីវិល បោសសំអាតមីន និងគាំទ្រដល់ការកសាងឡើងវិញនូវសហគមន៍ដែលរងគ្រោះដោយសារ សង្គ្រាម។ បច្ចុប្បន្នយើងជាសមាជិកដ៏សកម្មមួយ នៃគណៈកម្មការកសាងសន្តិភាព ដែលជួយប្រទេសងើប ចេញពីជម្លោះ ក្នុងការបង្កើតស្ថាប័ន និងលើកកម្ពស់ការផ្សះផ្សា។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងបន្តទៀតថា “ការវិវត្តប្រែប្រួលរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពនៃអត្ថន័យមូលបទរបស់មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៨០ ពោលគឺជាប្រទេសដែលធ្លាប់ត្រូវការសន្តិភាព បានក្លាយជាប្រទេសដែលជួយផ្តល់ សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសដទៃទៀត។ ហេតុនេះ ខ្ញុំពិតជាមានសេចក្ដីឈឺចាប់ជាពន់ពេកក្នុងការ ជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយ លំបាក ហើយដែលយើងស្រលាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក
បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺ ដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។
កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជន ស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក”។
ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្ដេជ្ញាចិត្តពីប្រទេសទាំង ពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារ ស្ថានភាពដូចដើមឡើងវិញក៏ដោយ។ ជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ច ព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្ដែង។ គួរឱ្យសោកស្ដាយ ការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការ
ដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ច ខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្ដេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្ដេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សមកហើយ។ ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទ ឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀត ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរ។ ទង្វើខាងលើនេះបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន។
កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុង ការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភ បំពានម្ដងហើយម្ដងទៀត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការវាយប្រហារមួយ កន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើក ការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព។
ក្នុងស្មារតីដូចកាលពីបានបញ្ចប់សង្គ្រាមជិតបីទស្សវត្សរ៍កន្លងមក កម្ពុជាសូមអំពាវនាវឱ្យមានកិច្ច សន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែល បានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្តគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និង ប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំង ថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។
កម្ពុជាជាប្រទេសតូច ផ្ដោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេល ដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំងគឺជា ជម្រើសចុងក្រោយបំផុត។
កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយ គ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។
ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ ស្តែងនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការដ៏ឧត្តមនេះ។ កម្ពុជាគាំទ្រកំណែទម្រង់ដែលមានលក្ខណៈជាក់ស្ដែង និងតាមដំណាក់កាលបន្តបន្ទាប់ សំដៅជួយពង្រឹងប្រសិទ្ធភាព តែមិនធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឡើយ។ កម្ពុជាយល់ថាអាទិភាពសំខាន់គឺរួមមាន៖
ការពង្រឹងអំណាចនៃយន្តការការទូតដើម្បីបញ្ចៀសជម្លោះ និងសម្រុះសម្រួល ដោយផ្តល់ឧបករណ៍ បន្ថែមដល់អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយវិបត្តិឲ្យបានមុនពេលផ្ទុះឡើង។ ការពង្រឹងមហាសន្និបាតអ.ស.ប. ដែលជាស្ថាប័នមានលក្ខណៈតំណាងបំផុត ដោយត្រូវធ្វើយ៉ាង ណាឱ្យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត មានសមត្ថភាពខ្លាំងជាងមុនក្នុងការត្រួតពិនិត្យតាមដានលើការអនុវត្ត និងមានទម្ងន់ផ្នែកសីលធម៌ខ្លាំងជាមុន។
ការបង្កើនចំនួនអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងឲ្យកាន់តែ ប្រសើរជាងមុននូវស្ថានភាពពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ននេះ និងដើម្បីពង្រឹងនីត្យានុកូលភាពនៃក្រុមប្រឹក្សាសន្តិសុខ។
ពង្រឹងបេសកកម្មថែររក្សាសន្តិភាព និងបេសកកម្មឃ្លាំមើលតាមបន្ទាត់ព្រំដែន ជាពិសេសនៅតំបន់ ជម្លោះ ដើម្បីឱ្យរដ្ឋតូចៗទទួលបាននូវសិទ្ធិស្មើគ្នាក្នុងយន្តការសម្រុះសម្រួល និងការការពារ។ វិធានការបំពេញបន្ថែមមួយចំនួនទៀត ដូចជា ការផ្តល់មូលនិធិ, បច្ចេកវិទ្យា និងការកែសម្រួលផ្នែក ច្បាប់ជាជំហានៗ នឹងអាចប្រែក្លាយគោលការណ៍កំណែទម្រង់ដ៏ធំទៅជាវឌ្ឍនភាពជាក់ស្តែង។ សម្រាប់ប្រទេសដូចជាកម្ពុជា អំណាចដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ មិនមែនជាអំណាច បង្ខិតបង្ខំទេ ប៉ុន្តែជាអំណាចខាងសីលធម៌ ភាពស្របច្បាប់ និងអំណាចកោះប្រជុំ ដែលនឹងអាចជួយការពារ ប្រទេសតូចៗ និងរក្សាសន្តិភាពបាន។
ដើម្បីអបអរសាទរខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ យើងទាំងអស់គ្នាត្រូវគោរពចក្ខុវិស័យ របស់ស្ថាបនិកអង្គការអន្តរជាតិនេះ ដោយជ្រើសយកកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខគ្នា ការ សន្ទនាជំនួសការបែកបាក់ និងក្តីសង្ឃឹមជំនួសភាពអស់សង្ឃឹម។
កម្ពុជាត្រៀមខ្លួនក្នុងការសម្រេច “ភាពប្រសើរឡើងជាមួយគ្នា» ដោយសហការជាមួយរដ្ឋសមាជិក ទាំងអស់, ប្រព័ន្ធអង្គការសហប្រជាជាតិ និងដៃគូរបស់យើងនៅទូទាំងពិភពលោក ដើម្បីធានាថាក្នុងអនាគត រាប់ទសវត្សរ៍ទៅមុខទៀតនឹងពោរពេញទៅដោយសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្ដីថ្លៃថ្នូរ ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















