Monday, September 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលមានខ្លឹមសារសំខាន់ៗចំនួន ៩ចំណុច

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដឹកនាំអង្គមហា សន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលរៀបចំដោយសមាគមអតីតយុទ្ធជន កម្ពុជា នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាតំណាងនៃគណៈកម្មាធិការកណ្តាល អ.ន.ក. គ្រប់ថ្នាក់។

អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានកំណត់ក្នុងបរិយាកាស
សាមគ្គីភាព ភាតរភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍បូកសរុប លទ្ធផលការងាររយៈពេល ១០ឆ្នាំ (២០១៥-២០២៥) និងទិសដៅអនុវត្តបន្តរបស់សមាគម និងលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានប្ដូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា មកជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងបានពង្រីកសមាជិកភាពរបស់សមាគមគ្របដណ្តប់ទាំង និវត្តជន ដែលជាបុគ្គលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបានបញ្ចប់ការងាររបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ ព្រមទាំងបានកំណត់អំពីថ្នាក់ដឹកនាំសមាគម ដែលក្នុងនោះ សម្តេចអគ្គមហាសេនាប៉តី តេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរហូត។

ជាមួយគ្នានេះ អង្គមហាសន្និបាតវិសាមញ្ញក៏បានអនុម័តនូវ សេចក្តីសម្រេចចិត្តមហាសន្និបាត ដែលមានខ្លឹមសារសំខាន់ៗចំនួន ៩ចំណុច ដូចខាងក្រោម៖
ទី១-មហាសន្និបាតវិសាមញ្ញ សូមសម្តែងនូវគារវភក្តីដ៏ស្មោះសរបំផុត ថ្វាយចំពោះព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន គ្រួសារ ពលី មរណៈ ជនពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត។ ក្នុងនោះដែរ មហាសន្និបាតក៏សូមសម្ដែងនូវកតញ្ញុតាធម៌ ថ្វាយព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះវរាជបិតា ឯករាជ្យជាតិ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទួត របស់ ព្រះអង្គជាយូរអង្វែងតរៀងទៅ។

ទី២-មហាសន្និបាតវិសាមញ្ញ សូមសម្តែងនូវកត្តញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក បិតាសន្តិភាព នៃកម្ពុជា គឺជាវរជនដ៏ឆ្នើម ដែលបានលះបង់គ្រប់បែបយ៉ាង និងបានយកអាយុជីវិត ធ្វើជាដើមទុន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជន បានរួមចំណែកដឹកនាំចលនាតស៊ូសង្គ្រោះ ជាតិចេញពីរបបប្រល័យពូជសាសន៍ ដោយទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ១៩៧៩។ ក្នុងបេសកកម្មដ៏ពិសិដ្ឋជាបន្ត ដើម្បីឧត្តមប្រយោជន៍ជាតិ សម្តេចតេជោ បានដាក់ ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូល ទទួលបានឯកភាពទឹកដីពេញលេញ មានសន្តិភាព ស្ថិរភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជាជាង ៥០០ឆ្នាំចុងក្រោយនេះ បានដឹកនាំការកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានការពារបូរណភាពទឹកដី ប្រឆាំងអំពើឈ្លានពានពី បរទេស ទទួលបានជោគជ័យជាបន្តបន្ទាប់ ព្រមទាំងបានលើកស្ទួយកិត្យានុភាព និងឧត្តមភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ អតីតយុទ្ធជនទាំងអស់ សូមគាំទ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ជារៀងរហូត។

ទី៣-មហាសន្និបាត សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី បងប្អូនអតីតយុទ្ធ ជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និង ប្រជាជនជាទីស្នេហារបស់យើងនៅគ្រប់ដំណាក់កាល។ សូមសម្តែងនូវការកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងគ្រប់ប្រភេទនៃកងយោធពលខេមរភូមិន្ទ និងកង នគរបាលជាតិ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិនិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទី៤-មហាសន្និបាតវិសាមញ្ញ បានអនុម័តលើរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១០ឆ្នាំ (២០១៥-២០២៥) និងទិសដៅអនុវត្តបន្តរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ទី៥-មហាសន្និបាតវិសាមញ្ញ បានអនុម័តលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែល មាន ១៦ជំពូក និង ៤៤ប្រការ។
ទី៦-មហាសន្និបាតវិសាមញ្ញ សូមទទួលយកនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយចាត់ទុកអនុសាសន៍ដ៏ថ្លៃថ្លា និងជាមាគ៌ា សកម្មភាពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ដែលត្រូវយកទៅអនុវត្តឱ្យ ទទួលជោគជ័យ តាមផែនការសកម្មភាពដែលបានគ្រោងទុក។

ទី៧-មហាសន្និបាត សូមថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាមរយៈអនុក្រឹត្យលេខ ១៤៥អនក្រ.បក ចុះថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជំរុញ ណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសាធារណជនឱ្យចូលរួមអបអរសាទរ ទិវាដ៏ថ្លៃថ្លានេះ។
ទី៨-មហាសន្និបាតវិសាមញ្ញ សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលកន្លងមកបានផ្តល់របបគោលនយោបាយ និងបានយកចិត្តទុកដាក់កែសម្រួលរបបគោល នយោបាយជាបន្តបន្ទាប់ បានផ្ដល់ដី និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនកម្ពុជា ស្របតាម ស្ថានភាពវិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ។

ទី៩-មហាសន្និបាតវិសាមញ្ញ សូមថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាសប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបាននិងកំពុងបន្តជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ថវិកា ដល់អតីតយុទ្ធជនកម្ពុជា។

អង្គមហាសន្និបាតវិសាមញ្ញ បានបន្តអំពាវនាវដល់សមាជិក សមាជិកាសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាទូទាំងប្រទេស ចូលរួមអនុវត្តសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ឋជនកម្ពុជាទូទាំងប្រទេសនាពេលនេះឱ្យប្រែក្លាយទៅជាសកម្មភាពជាក់ស្ដែង សំដៅពង្រឹងពង្រីកសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យទៅជាអង្គការមួយដ៏រឹងមាំ ដើម្បីឧត្តមប្រយោជន៍អតីតយុទ្ធជន និងនិវត្តជន និង រួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×