ភ្នំពញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ខែកញ្ញានេះ បានចេញរបាយការណ៍បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៥ ។
I. កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារលើទំព័រFacebookផ្លូវការរបស់សម្តេច ពាក់ព័ន្ធនឹងករណីដែលកងកម្លាំង យោធាថៃបានប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ដមកលើទីតាំងឈរជើងរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះ
· ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូម ជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្ត ប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖
១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។ ២. ចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាច ទៅបង្វិលរណ្តៅគ្រាប់បានទេ។
សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឱ្យបានល្អ និងជួយបង្កលក្ខណៈឱ្យអ្នកសង្កេតការណ៍ IOT បានធ្វើកោសល្យវិច័យ គ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនឹងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធ ណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់ រាប់ទាំងកម្ពុជា និងថៃ។
II. មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញថ្លែង សន្ទរកថា ក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥, ដែលមានខ្លឹមសារសង្ខេបសំខាន់ៗ ដូចខាងក្រោម—
- “សន្តិភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រជាជាតិយើង” ព្រោះសន្តិភាព បានជួយឱ្យកម្ពុជាអាចស្តារប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដែលកើតចេញពី សង្គ្រាមជាច្រើនទសវត្សរ៍ និងអំពើប្រល័យពូជសាសន៍។
កត់សម្គាល់ថា “…បទឈប់បាញ់នៅតែមានភាពផុយស្រួយ ទោះបីជាមានការប្ដេជ្ញាចិត្ត ពីប្រទេសទាំងពីរ ចំពោះភាពស្មោះត្រង់ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញ។ ប៉ុន្តែ ភាពស្មោះត្រង់ អាចគួរឱ្យទុកចិត្តបាន ហើយការជឿទុកចិត្តគ្នាអាចលូតលាស់បាន លុះត្រាតែការ គោរពចំពោះខ្លឹមសារ និងស្មារតីនៃកិច្ចព្រមព្រៀង ដើរស្របគ្នាជាមួយនឹងសកម្មភាព ជាក់ស្ដែងនៅមូលដ្ឋាន។”
“កម្ពុជាជាប្រទេសតូចមួយ ដែលផ្ដោតជាចម្បងលើការកសាងឡើងវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជនរបស់ខ្លួន។ យើងមិនបង្កការគំរាមកំហែង ដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេលដែលយើងនឹងការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងជានិច្ចកាល, ការប្រើកម្លាំងនៅ តែជាមធ្យោបាយចុងក្រោយបំផុត។’
បានសង្កត់ធ្ងន់លើគោលជំហរកម្ពុជាក្នុងការបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយ បញ្ហាដោយសន្តិវិធី ហើយឯកឧត្តម បានបន្ថែមថា ” កម្ពុជានឹងបន្តកិច្ចខិតខំប្រឹង ប្រែងគ្រប់បែបយ៉ាង ដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព ជំរុញការរួមរស់ជាមួយគ្ន ប្រកបដោយសុខដុមរមនា និងទំនាក់ទំនងភាពអ្នកជិតខាងល្អ ព្រមទាំងប្រែក្លាយ តំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។
III. ក្រសួងការពារជាតិ
- នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥, ក្រសួង បានសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់ កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និង រាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។
- កម្ពុជា សម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅ ខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជា ថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការ អនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ . … កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូល រួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេល ការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់ នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង។’
IV. នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥, រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតតវ៉ាប្រឆាំង នឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារ ប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
- ក្នុងលិខិតនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ដោយ បញ្ជាក់ថា៖
“សកម្មភាពដដែលៗ នៃការលើកបដា និងខ្លឹមសារប្រកាសខាងលើនេះជាការគំរាមកំហែង យ៉ាង ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យ ផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូល ជាធរមាន។” - រដ្ឋបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ទៀតថា “រដ្ឋបាលខេត្តស្រះកែវមិន មានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍ កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។”
លិខិតនេះក៏បានសង្កត់ធ្ងន់ថា យោងតាម MOU 2000, កំណត់ហេតុកិច្ចប្រជុំ ពិសេស GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥, ភាគីទាំងសងខាង បានឯកភាព រក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបន្ថែមថា សកម្មភាពឯកតោភាគីរបស់ថៃខាង លើ គឺជា ការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុង មានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់ GBC ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញRBC ព្រមទាំងជាការរំលោភបំពានយ៉ាងជាក់ស្ដែងលើ កំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
V. គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥, នេះជា ថ្ងៃទី៦២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ឃុំខ្លួនដោយយោធាថៃ ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






