ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា ជម្លោះខ្មែរ-ថៃ ដែលបានឈានដល់ការបិទព្រំដែនជាឯកតោភាគី ពីភាគីថៃ បានក្លាយជាឱកាសជំរុញផលិតកម្មក្នុងស្រុក និងការគាំទ្រផលិតផលខ្មែរ នៅទូទាំងប្រទេសកម្ពុជា។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែកញ្ញារបស់ខុទ្ទកាល័យ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
កិច្ចប្រជុំបានកំណត់ទិសដៅការងារសម្រាប់ខែបន្តបន្ទាប់ទៀត ដោយជំរុញឱ្យបន្តសិក្សាស្រាវជ្រាវ និងសរសេរអត្ថបទ ដើម្បីបានជាប្រយោជន៍ ១)សម្រាប់ការរៀបចំច្បាប់ និងគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសដើម្បីមានធាតុចូល សម្រាប់ការកសាងសេដ្ឋកិច្ចព្រំដែន នាពេលខាងមុខ និង២)សម្រាប់បង្ហាញការពិតដល់បងប្អូនខ្មែរ និងមិត្តបរទេស ទាំងក្នុង និងក្រៅប្រទេសអំពីសុចរិតភាព និងសេចក្តីត្រូវការសន្តិភាពពិតប្រាកដរបស់កម្ពុជា។ កម្ពុជា ជាប្រទេសតូច បើប្រៀបធៀបជាមួយប្រទេសថៃ ទាំងចំនួនប្រជាជន (៧០លាន ទល់នឹង១៧លាន) ទាំងសេដ្ឋកិច្ច (៥០០ប៊ីលានដុល្លា ទល់នឹង ៣០ប៊ីលានដុល្លា) ទាំងចំនួនកងទ័ព និងអាវុធយុទ្ធភណ្ឌ។
ជារៀងរហូតមក កម្ពុជា តែងតែអត់ធ្មត់ចំពោះការញុះញង់ ការបំពានពីយោធាថៃ និងតែងតែអំពាវនាវដោយបើកចំហរសម្រាប់យន្តការអង្កេតការណ៍អន្តរជាតិនានា ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិ ដូច្នេះការចោទប្រកាន់ថា កម្ពុជាឈ្លានពានថៃ គឺជាការបំភ្លៃ ដែលមិនសមហេតុផល និងគួរឱ្យអស់សំណើច។
ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខុទ្ទកាល័យ មន្ត្រីខុទ្ទកាល័យ និងទីប្រឹក្សា ធ្វើកិច្ចសហការជាមួយដៃគូ ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីជំរុញការផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ និងបង្ហាញជំហរចង់បានសន្តិភាពជាមួយប្រទេសជិតខាង៕ រក្សាសិទ្ធដោយ៖សុទ្ធលី





