ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA8o) នៅទីក្រុងញូវយ៉ក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ។
ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានសម្តែងការកោតសរសើរចំពោះភាពជា ដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសដែល ផ្តល់កងម្លាំងថែរក្សាសន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី។
ឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និងការគាំទ របស់កម្ពុជានៅក្នុងដំណើរការពហុភាគី។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ឯកឧត្តមបានជម្រាបថា ឯកឧត្តមបានប្រាប់ពីកង្វល់របស់ កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ។
ក្នុងឱកាសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រងនិងដោះស្រាយវិវាទដោយ សន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ឯកឧត្តមក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង
សកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណា មួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបាន
ពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្ដីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែល អំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យ ឯកឧត្តមអគ្គលេខាធិការ បន្ត ប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាព តានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថ ឡើងវិញ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបី ទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ ដូច្នេះ យើងបានយល់ច្បាស់ពី សង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សា សន្តិភាព។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. សូមជូនពរគណៈប្រតិភូកម្ពុជាឱ្យទទួលបាន ជោគជ័យក្នុងការសន្ទនាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានក្នុងផ្លូវសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី
