ភ្នំពេញ ៖ តាមការចាត់តាំងរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអ.ស.ប.លើកទី៨០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង ញូវយ៉ក ក្រោមមូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស។
ក្នុងឱកាសខួបលើកទី៨០ នៃការបង្កើតអ.ស.ប. កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. បានទទួលការអំពាវនាវយ៉ាងច្រើនលើសលុបពីបណ្តាប្រមុខរដ្ឋ/រដ្ឋាភិបាល ឱ្យពង្រឹងយន្តការពហុភាគីនិយម និងចូលរួមប្តេជ្ញាចិត្តរួមគ្នាឡើងវិញក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ បណ្តាថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ លើតួនាទីដ៏សំខាន់របស់អ.ស.ប. សម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ និងបានគូសបញ្ជាក់ពីអាទិភាព សំខាន់ៗ រួមមាន ការរក្សាសន្តិភាព និងសន្តិសុខសកល, ការបញ្ចប់សង្គ្រាម និងអស្ថិរភាព, ការជំរុញការកែ ទម្រង់ប្រព័ន្ធអ.ស.ប. ការរៀបចំលិខិតបទដ្ឋានគ្រប់គ្រងបញ្ញាសិប្បនិមិត្ត, ការជំរុញការសម្រេចបាន ការអភិវឌ្ឍប្រកបដោយចីរភាព, ការធ្វើសកម្មភាពជាក់លាក់ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និង ការធានាថាការជ្រើសតាំងអគ្គលេខាធិការអ.ស.ប.ថ្មី សម្រាប់អាណត្តិបន្ទាប់ប្រកបដោយសមភាពយេនឌ័រ។ បណ្តាថ្នាក់ដឹកនាំកំពូលក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងសាមគ្គីភាព ក្នុងការឆ្លើយតបទៅនឹង វិបត្តិមនុស្សធម៌, ការលើកកម្ពស់សិទ្ធិមនុស្ស និងការដោះស្រាយចំណោទដ៏ស្មុគស្មាញនៃបច្ចេកវិទ្យាទំនើបថ្មីៗ។
កិច្ចពិភាក្សាទូទៅជារួមបានបង្ហាញការប្តេជ្ញាចិត្តថា នៅចំពោះមុខនៃការខ្វែងគំនិត ដោយ ការរួបរួមគ្នា និងកិច្ចសន្ធានា នឹងនៅតែជាជម្រើសតែមួយគត់ក្នុងការបន្តកិច្ចការរួមគ្នាសម្រាប មុខទៀត និងបានប្រកាសសន្យាក្នុងការពង្រឹងភាពជាដៃគូ និងការគោរពគោលការណ៍គ្រឹះនៃធម្មនុញ ដើម្បីធានាថា អ.ស.ប. នឹងបន្តនៅជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមសកលប្រកបដោយប្រសើរ និងបរិយាប័ន្ន។
ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមគូសបញ្ជាក់ពីភាពចាំបាច់នៃ យន្តការពហុភាគីនិយម, ដោយអំពាវនាវឱ្យផ្តល់ទំនុកចិត្តឡើងវិញលើអង្គការសហប្រជាជាតិ, វិធានការការទូត ឱ្យកាន់តែខ្លាំងជាងមុន និងស្ថាប័នដែលមានប្រសិទ្ធភាពនានា ដើម្បីប្រឈមមុខនឹងបញ្ហាសកល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍របស់កម្ពុជា ដោយគូសបញ្ជាក់ពីការសម្រេចបានសន្តិភាព តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពលើ វិស័យសុខាភិបាល ការអប់រំ សមភាពយេនឌ័រ សិទ្ធិមនុស្ស សកម្មភាពអាកាសធាតុ និងការចូលរួមចំណែក ក្នុងប្រតិបត្តិការរក្សាសន្តិភាព។
ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួល ទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាម ព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាង ម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបាន អំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនមហាសន្និបាត អំពីការវាយ ប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទ ប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះការធ្វើ កំណែទម្រង់របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនវិធានការការទូត ពង្រឹងតួនាទីរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ពង្រីកសមាជិកភាពនៃក្រុមប្រឹក្សាសន្តិសុខ និងជំរុញប្រតិបត្តិការថែរក្សាសន្តិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសទាំងអស់គោរពចក្ខុវិស័យដំបូងរបស់អង្គការសហប្រជាជាតិ ដោយជ្រើសរើសកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងសេចក្តីសង្ឃឹម ជំនួសឱ្យជម្លោះ និងការបែងចែក។
នៅក្នុងឱកាសនៃកិច្ចពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានជំនួបទ្វេភាគីជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមភាគី មួយចំនួនទៀត រួមមាន វៀត រួមមាន ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋគូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី និងហ្ន៎ប៊ី។ ជំនួបពិភាក្សានេះបានផ្តោតលើការពង្រឹងកិច្ចសយកបុកន ទ្វេភាគី ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការក្នុងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយករ នោះរៀបរាប់ត្រួសៗ ជូនរដ្ឋមន្ត្រីការបរទេសទាំងនោះ នូវបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយរូបរទេសថៃ បានបញ្ជាក់សារជាថ្មីពីជំហររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត និងការអនុវត្តកិច្ចព្រមព្រៀងកន្លងមកថ្មីៗនេះឱ្យបានពេញលេញ និងស្មោះត្រង់ ដើម្បីឈានទៅកាន់ ទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងបាន អញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ក្នុង គោលបំណងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយស្ដារឡើង វិញនូវការជឿទុកចិត្តចំពោះការវិលទៅរកប្រក្រតីភាពវិញ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន និង ប្រទេសទាំងពីរ។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកម្រិតខ្ពស់ និងព្រឹត្តិការណ៍អម នានា រួមមាន កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីរំលឹកខួបលើកទី៨០ របស់អង្គការសហប្រជាជាតិ ជាមួយនឹងការ បញ្ជាក់សារជាថ្មីឡើងវិញពីតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការ អភិវឌ្ឍប្រកបដោយចីរភាព។ គណៈប្រតិភូកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ដើម្បីរំលឹកខួបលើកទី៣០ ឆ្នាំ នៃសន្និសីទពិភពលោកលើកទី៤ ដើម្បីស្ត្រី ដែលបានរៀបចំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយរំលឹកឡើងវិញពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការជំរុញសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយ ចីរភាព និងគូសបញ្ជាក់ពីវឌ្ឍនភាពសកលលើរបៀបវារៈ ឆ្នាំ២០៣០។
បន្ថែមលើនេះទៀត កម្ពុជាបានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្រោម ប្រធានបទ – ប្តេជ្ញាឡើងវិញចំពោះគោលបំណងដើមរបស់យើង រួបរួមគ្នាដើម្បីកសាងអនាគតកាន់តែភ្លឺថ្លានៃ ការអភិវឌ្ឍសកល» ដែលកិច្ចប្រជុំបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ប្រឈមរួម។ គណៈប្រតិភូក៏បានចូលរួមផងដែរនៅក្នុងកិច្ចប្រជុំកំពូលលើកទី១ ក្នុងពីរឆ្នាំម្តង សម្រាប់សេដ្ឋកិច្ច សកលដែលមាននិរន្តរភាព បរិយាប័ន្ន និងមានភាពធន់ ដែលផ្តោតលើការពង្រឹងស្ថេរភាពហិរញ្ញវត្ថុសកល និងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ របស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស ៧៧ និងចិន ដែលផ្តោត លើសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍។
កម្ពុជាក៏បានចូលរួមក្នុងព្រឹត្តិការណ៍ពិសេសស្តីពីអាកាសធាតុ ដែលពិភាក្សាលើដំណោះស្រាយ សកម្មភាពអាកាសធាតុបន្ទាន់ និងកិច្ចប្រជុំស្តីពីបញ្ញាសិប្បនិម្មិត និងសន្តិភាពនិងសន្តិសុខអន្តរជាតិ ដែល បានពិនិត្យលើកាលានុវត្តភាព និងហានិភ័យនានា នៃបច្ចេកវិទ្យាដែលកំពុងកើតមាន។ គណៈប្រតិភូក៏បាន ចូលរួមព្រឹត្តិការណ៍ស្តីពីការកែលម្អកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបាននូវដែនសមុទ្រដែលមានសុវត្ថិភាព និងស្ថេរភាព ដោយបញ្ជាក់ពីសារៈសំខាន់នៃសន្តិសុខដែនសមុទ្រ ព្រមទាំងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន-សម្ព័ន្ធប៉ាស៊ីហ្វិក លើកទី៨ ដែលលើកកម្ពស់ការទូតសភាតំបន់ និងពិធីប្រកាសធម្មនុញ្ញសកលស្តីពីកំណែទម្រង់ការថែទាំកុមារ ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនៃស្តង់ដារសកលសម្រាប់សុខុមាលភាពកុមារ។
ក្រៅពីនេះ កម្ពុជាក៏បានចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្និសិទស្តីពី ទំនាក់ទំនងនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានជំរុញកិច្ចសន្ទនាសន្តិសុខតំបន់និងកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស G20 ដែលបានពិភាក្សាអំពីអភិបាលសេដ្ឋកិច្ចសកល។ ប្រតិភូក៏បានចូលរួម ក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកទី៤ ស្តីពីការបង្ការ និងការគ្រប់គ្រងជម្ងឺមិនឆ្លង និងការលើកកម្ពស់សុខភាព ផ្លូវចិត្ត និងភាពសុខដុម ផ្តោតលើភាពធន់សុខភាព និងបានចូលរួមសន្និសីទកម្រិតខ្ពស់ក្នុងការរំលឹកខួប អនុស្សាវរីយ៍ ៣០ឆ្នាំ នៃកម្មវិធីសកម្មភាពពិភពលោកសម្រាប់យុវជន ដែលបញ្ជាក់ឡើងវិញនូវតួនាទីសំខាន់ របស់យុវជនក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ គណៈប្រតិភូបានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីរំលឹក និងលើកកម្ពស់ទិវា អន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនៃអាវុធនុយក្លេអ៊ែរ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តសកលចំពោះ ការរំសាយសព្វាវុធ និងកិច្ចប្រជុំរដ្ឋមន្ត្រីប្រចាំឆ្នាំនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលផ្តោតលើកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍ និងការគាំទ្រប្រទេសអភិវឌ្ឍន៍តិចតួច។
តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសប្តាហ៍កម្រិតខ្ពស់នៃ UNGA80 កម្ពុជាបានបញ្ជាក់ជាថ្មីម្តង ទៀតពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងពហុភាគីនិយម ធ្វើឱ្យប្រសើរឡើងនូវសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការចូលរួមប្រកបដោយការស្ថាបនាក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


