Sunday, October 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីទឹកភ្នែករលីងរលោងពេលដឹងប្រពន្ធទទួលបានផ្ទះមនុស្សធម៌ថ្មីមួយខ្នងរួមនឹងម៉ូតូមួយគ្រឿងពីអភិបាលខេត្ត

ខេត្តកំពង់ចាម: ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានសាងសង់ផ្ទះថ្មផ្ទាល់ដីប្រក់ស័ង្កសី មានទំហំ៥×៨ម៉ែត្រ សម្ភារៈផ្ទះបាយ ម៉ូតូ១គ្រឿងរួមនិងថវិកាមួយចំនួន ជូនដល់ប្រពន្ធវីរៈយុទ្ធជនជួរមុខប្រចាំទិសមុំបីក្នុងខេត្តព្រះវិហារ។ ដោយពិធីប្រគល់ផ្ទះមនុស្សធម៌ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងនាព្រឹកថ្ងៃទី៤តុលាឆ្នាំ២០២៥នៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស។ ពេលទទួលដំណឹងល្អនេះបានធ្វើឲ្យប្តី នៅព្រំដែនកម្ពុជា-ថៃស្រក់ទឹកភ្នែករលីងរលោងព្រោះតែរំភើបពេក ធ្លាប់តែនៅផ្ទះចាស់ជញ្ជាំងធ្លុះធ្លាយ នេះបង្ហាញពីការគិតគូររបស់ថ្នាក់ដឹកនាំខេត្ត។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:វត្តមានក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះគឺមានការចូលរួមពីសំណាក់ឯកឧត្តមហោ ប៉េងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរាយប៉ាយ តំណាងឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
និងក្នុងនាមឯកឧត្តម សន្តិបណ្ឌិតនេតសាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត។ដោយប្រគល់ជូនភរិយាកងទ័ពជួរមុខ អេន
ស៊ីណា អាយុ៣៨ឆ្នាំ ដែលមានប្ដីឈ្មោះផុន សុធា កំពុងតែជាប់បំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍រំលឹកថា ដោយមើលឃើញពីការលំបាករបស់ភរិយាកងទ័ពជួរមុខ ជាមួយនោះមានការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានក៏បានសម្រេចចិត្តជួយសាងសង់ផ្ទះមនុស្សធម៌ថ្មីសន្លាងមួយខ្នងដែលមានទីតាំងស្ថិតនៅភូមិរាយប៉ាយ ហើយមានសាក្សីបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានអញ្ជើញចូលរួមដឹងឮទៀតផង។ សូមបញ្ជាក់ថាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយនោះទេ ឲ្យតែមើលឃើញមានការលំបាកនិងខ្វះខាតគឺតែងតែជួយជានិច្ច។ ជាការពិតណាស់ដោយមានការណែនាំពីសម្ដេចបវរធិបតី គឺឱ្យអាជ្ញាធរតាមបណ្ដាខេត្ត-ក្រុង ត្រូវយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារកងទ័ពជឿមុខនិងជនភៀសសឹក ដែលបានគេចពីគ្រាប់ប្លោងមកស្នាក់នៅតាមបណ្ដាភូមិនានា ជាមួយនោះរដ្ឋបាលខេត្តនាពេលកន្លងទៅ។បានចុះចែកអំណោយផ្ទាល់ជូនដល់ពួកគាត់មាននៅស្ទឹងត្រង់ចំការលើ កងមាសនិងតាមបណ្ដាស្រុកមួយចំនួនទៀតដោយធ្វើឡើងជាហូរហែ។ ជាជាក់ស្ដែងភាគីថៃនៅតែបំពានបទឈប់បាញ់ដោយពេលថ្មីៗកន្លងទៅបានផ្លោងគ្រាប់ចូលមកដីកម្ពុជាតែយើងពុំបានឆ្លើយតបវិញដោយមានការអត់ធ្មត់ ពិសេសសម្ដេចបវរធិបតី បានយកចិត្តទុកដាក់និងគិតគូរណាស់ ដោយក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានឆាប់បញ្ចប់និងវិលទៅរកភាពប្រក្រតីឡើងវិញ។គឺសម្ដេចបានប្រើគ្រប់លទ្ធភាពទាំងច្បាប់អន្តរជាតិនិងកាទូតតែមើលទៅមិនអាចចប់ដោយឆាប់ៗបានទេ ព្រោះភាគីថៃនៅតែចង់បន្តអូសបន្លាយរយ:ពេលយូរបន្តទៀត។

ស្ត្រីឈ្មោះអេន ស៊ីណាអាយុ៣៨ឆ្នាំជាភរិយាកងទ័ពជួរមុខបាននិយាយថា គាត់បានយកគ្នាជាប្ដីប្រពន្ធជាង១០ឆ្នាំមកហើយសព្វថ្ងៃមានកូនប្រុសម្នាក់ ស្រីម្នាក់ ក្នុងនោះកូនស្រីបងគេអាយុ៨ឆ្នាំនិងមានកូនក្នុងផ្ទៃ៦ខែ។ គាត់ពីមុនមានជីវភាពលំបាក ដោយរស់នៅជាមួយនឹងប្អូនស្រី ពេលដែលប្ដីទៅបំពេញកាតព្វកិច្ចបម្រើជាតិនៅព្រំដែនព្រះវិហារ គឺរស់នៅតែជាមួយកូនៗនិងម្ដាយមីង ហើយលក់ដូរបន្តិចបន្តួចតែលក់មិនដាច់ក៏ខាតអស់ដើម ធ្វើឲ្យជីវភាពកាន់តែជួបផ្កាលំបាក។ ពិសេសក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានប្រគល់ផ្ទះថ្មីមួយខ្នងជូនគាត់គឺពិតជាសប្បាយជាក់ស្ដែងនៅព្រឹកថ្ងៃទី៤តុលា ពេលដែលប្ដី ជិះម៉ូតូមកឆ្ងាយពីជួរមុខបានទូរសព្ទនិយាយតាម facebook ពេលឃើញថ្នាក់ដឹកនាំខេត្ត ប្រគល់ផ្ទះជូនដល់គាត់បែបនេះធ្វើឲ្យប្ដីរលីងរលោងទឹកភ្នែកព្រោះតែរំភើបពេក៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×