កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺព័ត៍មានពាក់ពន្ធករណីលោកមេប៉ុស្តិ៍ពោធិអង្ក្រង ផ្ទុះអាវុធបណ្តាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗនៅភូមិព្រៃស្រូល ឃុំពោធិអង្ក្រង ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានករណីផ្ទះអាវុធបណ្តាលអោយជនរងគ្រោះ ម្នាក់ស្លាប់បាត់បង់ជីវិត នៅភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺនិងជម្រាបជូនថា នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី កំលាំងនគរបាលរដ្ឋបាលពោធិ៍អង្ក្រង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង និងមន្ត្រីនគរបាលប៉ុស្តិ៍ ៥នាក់ បានចុះធ្វើ ការល្បាតក្នុងភូមិសាស្ត្រឃុំពោធិ៍អង្គង់ លុះមកដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុមានមុខសញ្ញាសង្ស័យ ២ នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាំឌីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែមុខសញ្ញាបើកម៉ូតូមិនព្រមបញ្ឈប់និងបានព្យាយាមបើកគេចពីសមត្ថកិច្ចបកថយក្រោយរួចបានជ្រុល បុកលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បុកចំអាវុធAK47 បណ្តាលឱ្យរាលកៃផ្ទុះចំឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យជនរងគ្រោះស្លាប់ ។
ក្រោយហេតុការណ៍ខាងលើ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បានគោរពរាយការណ៍ភ្លាមៗទៅ លោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងដោយអចេតនា និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញ ភារកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្នាននគរបាលខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជូនថា ក្រោយកើតហេតុ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បាននាំខ្លួនលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធី សាកសួរនិងស្នើសុំគោលការណ៏ថ្នាក់ដឹកនាំចំណាត់ការតាមផ្លូវច្បាប់ចំពោះសកម្មភាពដែលបានបង្កឱ្យជនរងគ្រោះបាត់បង់អាយុជីវិត ។
ជាថ្មីម្តងទៀត ស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាបថា ចំពោះ ករណីលោកអនុសេនីយ៍ឯក ទ្រី បូរិន ស្នងការដ្ឋាននគរបាលខេត្តនិងធ្វើការដោយភាពយុត្តិធម៌និងធានាផ្ដល់ការ ជឿជាក់ដល់ក្រុមគ្រួសារជនរងគ្រោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






