Monday, October 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន១,៨០០គ្រួសារទទួលបានអំណោយពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន

ខេត្តត្បូងឃ្មុំ ៖ ស្របពេលដែលទឹកទន្លេមេគង្គបានហក់ឡើងដល់កម្ពស់១៤,៥០ម៉ែត្រ ដែលចំណុចប្រកាសឲ្យប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត្រទោះបើមិនទាន់ឡើងដល់ចំណុចនេះក៏ដោយ បានធ្វើឱ្យលំនៅដ្ឋានពលរដ្ឋតាមដងទន្លេរងការលិចលង់។ ពិសេសដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤ នៃឃុំជីរោទ៍ទី១ ឃុំទន្លេបិទ និងឃុំបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលពិធីនេះធ្វើឡើង បរិវេណដីទួលសុវត្ថិភាពស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ៥ ខែតុលា ឆ្នាំ២០២៥។

មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម វង សូត អនុប្រធានទី ២ នៃរដ្ឋសភា និងឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានកិត្តិយសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា អនុប្រធានកិត្តិយសាខា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាមួយនោះមានការចូលរួមពីសំណាក់ឧកញ៉ា លោកស្រី ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនថែមទៀត។

ក្នុងឱកាសនោះ អ្នកម្តាយមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវអារម្មណ៍នឹករលឹក ប្រកបដោយក្តីអាណិតស្រឡាញ់ ចំពោះ លោកតា លោកយាយ អ៊ុពូមីង កូនក្មួយ និងបងប្អូនសាសនិកឥស្លាម ដោយមិនប្រកាន់សាសនា ឬនិន្នាការការនយោបាយអ្វីឡើយ ស្តែងឱ្យឃើញយ៉ាងជាក់ច្បាស់ ពីទឹកចិត្តល្អប្រពៃប្រកបដោយព្រហ្មវិហារធម៌ របស់អ្នកម្ដាយមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម-លោកជំទាវ លោក-លោកស្រី អញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហម ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ ដែលបានជម្លៀសមកកាន់ទីទសុវត្ថិភាព នាឱកាសនេះ។

ឯកឧត្តមអភិបាលខេត្ត បានអានរបាយការណ៍សង្ខេប អំពីស្ថានភាពជំនន់ទឹកទន្លេមេគង្គ និងស្ថានភាពប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ហក់ឡើងខ្លាំង ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ដោយរដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញនូវសេចក្តីជូនដំណឹង រួមជាមួយនឹងវិធានការបង្ការ និងឆ្លើយតបការសង្គ្រោះបន្ទាន់ នៅក្នុងមូលដ្ឋានខេត្ត និងក៏បានចុះសួរសុខទុក្ខបងប្អូន ដែលបានរងគ្រោះពីទឹកជំនន់។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋវិញ ដែលរស់នៅក្នុងឃុំជាច្រើនតាមដងទន្លេមេគង្គ ក៏បានប្រុងប្រៀបរៀបចំទុកដាក់ សម្ភារៈ ស្បៀងអាហារ ដើម្បីបម្រុងបង្ការពីគ្រោះទឹកជំនន់ឡើងផងដែរ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ពាំនាំនូវ ព្រះរាជសវនីយ៍ របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដល់ជ្រាលជ្រៅ ចំពោះប្រជារាស្រ្ត ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ រួមជាមួយការសោកស្ដាយ ដែលគ្រោះធម្មជាតិទឹកជំនន់ បានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ដោយត្រូវផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ និងការហូបចុកដោយត្រូវមានអនាម័យជានិច្ច។ ក្នុងនោះដែរ សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ និងប្រុងប្រយ័ត្នចំពោះសត្វ អសិរពិសផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលស្រុកត្បូងឃ្មុំ ប្រជាពលរដ្ឋជម្លៀសមនុស្ស និងនាំសត្វពាហនៈ ចំនួន ០៣ឃុំ ឃុំជីរោទ៍ទី១ ឃុំទន្លេបិទ និង ឃុំបឹងព្រួល បានមកស្នាក់នៅទីទួលសុវត្ថិភាព ចំនួន ១៤ ទីតាំង សរុបចំនួន ១,៩០៩គ្រួសារ មនុស្សសរុប ៦,០៦៩នាក់ ស្រី ២,៩៦៨នាក់ អ្នកមកស្នាក់នៅ ៤,៩៨០នាក់ ស្រី ៣,១៦៣នាក់ (ចាស់ជរា ១២២នាក់ ស្រី ២០នាក់ កុមារ ១,៣២២នាក់ ស្រី ៧០១នាក់ ពិការ ៣៩នាក់ ស្រី ២១នាក់) និងសត្វពាហនៈមួយចំនួន
ហើយក្រុមគ្រូពេទ្យបានធ្វើស្នាក់ការនៅជាប្រចាំ២៤ម៉ោង ដើម្បីជួយដល់ពលរដ្ឋដែលមកស្នាក់នៅទីទួលសុវត្ថិភាពធ្វើយ៉ាងណាឱ្យពួកគាត់”ហូបស្អាត ផឹកស្អាត រស់នៅស្អាត”៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×