Tuesday, October 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កម្ពុជាត្រូវការកាហ្វេ ១០ ០០០តោន/ឆ្នាំ

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សានិងសម្របសម្រួលឱ្យសមាគមកាហ្វេកម្ពុជា (មានសមាជិកជា កសិករ ហាងកាហ្វេ គ្រឹស្ថានអប់រំ ដូចជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាលកវិទ្យាល័យភូមិន្ទកសិកម្មចំការដូងជាដើម) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន នីលីដា និងអង្កការ CAPRED ធ្វើការជាមួយគ្នាដើម្បីជំរុញការផលិតនិងការកែច្នៃកាហ្វេក្នុងស្រុកបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ ១០ ០០០តោន/ឆ្នាំ ដែលទំហំនេះត្រូវការផ្ទៃដីដាំដុះចំនួន៥ ០០០ហិកតា (ទិន្នផលប្រហែល២តោន/ហិកតា)។ ដូចនេះ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះ បញ្ហានេះ បានធ្វើឱ្យប្រជាជន មាននិន្នាការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុកក៏កើនឡើងយ៉ាងគំហុក ដែលនេះជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត ក៏បានទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នាក្នុងការផ្តល់ឥណទានក្នុងកម្រិតអត្រាការប្រាក់សមស្រប ដល់សហគ្រាសធនតូចនិងមធ្យម ក៏ដូចជា សមាជិកសមាគមកាហ្វេកម្ពុជា ដើម្បីជំរុញផលិតកម្មក្នុងស្រុក ជាពិសេសការទទួលបានឥណទានផ្លូវការសម្រាប់ប្រើជាទុនក្នុងការបង្កើតឬពង្រីកអាជីវកម្ម និងលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលខ្មែរបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុននីលីដា ក្នុងផ្គត់ផ្គង់ជីកសិកម្ម ដែលមានគុណភាពនិងតម្លៃសមរម្យ ហើយឯកឧត្តមបណ្ឌិត ក៏លើកទឹកចិត្តឱ្យ CAPRED សិក្សាស្រាវជ្រាវជួយដល់សហគ្រាសធុនតូចនិងមធ្យមលើឧស្សហកម្មកាហ្វេ និងកែច្នៃម្ហូបអាហារ ដូចជាការកែច្នៃទឹកខ្ទិះស្វាយចន្ទី (Cashew Milk) ដែលមានលទ្ធភាពពង្រីកបរិមាណច្រើនក្នុងរយៈខ្លី ជំនួសទឹកគោបាន។
នៅក្នុងឱកាសនោះ សមាគមកាហ្វេកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង ក្រុមហ៊ុននីលីដា ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×