រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសជ័យលាភីគម្រោងឆ្នើមថ្នាក់ជាតិ នៃគម្រោងកម្ពុជាក្នុងបេះដូងខ្ញុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត លោកគ្រូ អ្នកគ្រូបង្គោល និងសិស្សានុសិស្សនៃគម្រោងមកពីវិទ្យាល័យគោលដៅនៅបណ្ដាខេត្តរាជធានីទាំង១២។
បន្ទាប់ពីស្ដាប់របាយការណ៍ស្តីពីគម្រោង និងចំណាប់អារម្មណ៍ តំណាងសមាជិកក្លឹបគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ” ថ្នាក់ទី១០ និង ថ្នាក់ទី១១ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារមនសិការពលរដ្ឋល្អនៃសហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះគំនិតផ្ដួចផ្ដើមរៀបចំឱ្យមានកម្មវិធីនេះ និងបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ យកអស់កម្លាំងកាយចិត្តធ្វើឱ្យកម្មវិធីនេះសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាជាគុណប្រយោជន៍ដល់យុវជនកម្ពុជា និងជួយគាំទ្រដល់កំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ជាពិសេសសូមថ្លែងអំណរគុណដល់ អភិបាលនៃគណៈអភិបាលខេត្តទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់លោកគ្រូអ្នកគ្រូបង្គោលជំរុញឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យមួយកម្រិតទៀត។
គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ពិតជាបានចូលរួមចំណែកលើកកម្ពស់ការរៀននិងបង្រៀន តាមរយៈការផ្ដល់ឱកាសឱ្យយុវជនបានអនុវត្តដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងសហគមន៍របស់ខ្លួន ផ្ដល់នូវបំណិនសម្បទា វិជ្ជាសម្បទា បំណិនដោះស្រាយបញ្ហា វិភាគស៊ីជម្រៅ ចេះស្វែងយល់ពីខ្លួនឯង ចេះធ្វើការងារជាក្រុម ពង្រឹងភាពជាអ្នកដឹកនាំ បំណិនបច្ចេកវិទ្យាឌីជីថល បំណិនសតវត្សទី២១ ជំរុញឱ្យយុវជនកម្ពុជាយើងក្លាយជាធនធានប្រកបដោយចំណេះដឹង ជាពលរដ្ឋល្អ និងជាពលរដ្ឋសាកល ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីបណ្ដុះបំណិនសតវត្សទី ២១ដល់យុវជនកម្ពុជា តាមរយៈការជំរុញលើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមក្នុងការប្រកួតប្រជែងនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការគិតពិចារណា ដោះស្រាយបញ្ហា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងមានសមត្ថភាពអាចបង្កើតចំណេះដឹងថ្មីៗដោយខ្លួនឯង ដែលនេះហើយជាការសិក្សារៀនសូត្រជំនាន់ថ្មី តួយ៉ាងដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បម្រើឧត្តមប្រយោជន៍ខ្លួនឯងនិងប្រទេសជាតិ យុវជនត្រូវតែមានចំណេះដឹងមូលដ្ឋានរឹងមាំ។
មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារមនសិកាពលរដ្ឋល្អមកពីគ្រប់មជ្ឈដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំសម្រួលសម្រួលអភិវឌ្ឍកម្មវិធីនេះឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយគូសបញ្ជាក់ថានេះគឺជាសមិទ្ធផលរួមគ្នារបស់យើង និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំយុវជននិងកីឡាទៅតាមបណ្ដារាជធានីខេត្តគោលដៅទាំង១២ ចំពោះការផ្ដល់កិច្ចសហការ និងចូលរួមគាំទ្រយ៉ាងសកម្មជំរុញឱ្យគម្រោងនេះដំណើរការទៅដោយរលូននិងជោគជ័យ។
គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់សមាជិកក្លឹបថ្នាក់ទី១០ និងទី១១ បានចូលរួមចំណែកយ៉ាងច្រើនតាមរយៈការលើកកម្ពស់លើវិស័យអប់រំ ក៏ដូចជាសេវាសាធារណៈផ្សេងៗ រួមមាន៖ សុខភាព និងសុខមាលភាព កិច្ចការបរិស្ថាន ផលិតផលកសិកម្ម ការងារផ្នែកវប្បធម៌ ការលើកកម្ពស់ផ្នែកអំណាន ការពង្រឹងលើការងារឌីជីថល ការងារសង្គមកិច្ច និងសកម្មភាពគម្រោងផ្សេងៗទៀត ដែលបានរៀបចំឡើងប្រកបដោយនវានុវត្តន៍ និងមានផលជះវិជ្ជមានយ៉ាងច្រើនដល់សហគមន៍។ សូមយកឱកាសនេះដែរអបអរសាទរដល់ប្អូនៗទាំង១២ ក្រុម និងសូមឱ្យប្អូនៗសម្លឹងមើលឱ្យលើសពីការប្រកួតដើម្បីយកឈ្នះ ជាក់ស្ដែងតាមរយៈការប្រកួតប្រជែងនេះប្អូនៗបានទទួលនូវ បទពិសោធ ចំណេះដឹងថ្មីៗជាច្រើន ជាពិសេសអាចវាស់ស្ទង់គំនិតសមត្ថភាពរបស់ខ្លួនដើម្បីបន្តអភិវឌ្ឍបន្ថែមទៀត ត្បិតថាដើម្បីក្លាយជា មូលធនមនុស្សរួមចំណែកអភិវឌ្ឍប្រទេសជាតិ គឺត្រូវចាប់ផ្ដើមពីការអភិវឌ្ឍន៍សហគមន៍របស់យើងជាមុនសិន។
ដូច្នេះសូមឱ្យប្អូនៗយុវជនបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ ដោយសូមចងចាំថា ការមានចំណេះដឹងនិងជំនាញពិតជាសំខាន់ តែការដែលមានសមត្ថភាពអាចប្រើចំណេះដឹងជាប្រយោជន៍ដល់សង្គមជាតិរឹតតែសំខាន់។ ភាពជោគជ័យប្អូនៗគឺជាភាពជោគជ័យរបស់ប្រទេសជាតិយើង ដោយបញ្ជាក់នូវសុទិដ្ឋិនិយមថាប្អូនគ្រប់គ្នាសុទ្ធតែជាកម្លាំងស្នូលដែលពោរពេញដោយសមត្ថភាព ការខិតខំប្រឹងប្រែង ភាពបុិនប្រសប់ ភាពច្នៃប្រឌិត សីលធម៌ដ៏ប្រពៃ និងភាពក្លាហាន ដែលនឹងក្លាយជាធនធានមនុស្សដ៏ប្រសើរសម្រាប់អនាគតប្រទេសជាតិ។
រយៈពេលពីរថ្ងៃនៃការប្រកួតប្រជែងដ៏ស្វិតស្វាញ របស់ប្អូនៗសមាជិកក្លឹបថ្នាក់ទី១០ និងថ្នាក់ទី១១ ដែលជាម្ចាស់គម្រោងឆ្នើមប្រចាំរាជធានី ខេត្តគោលដៅទាំង ១២ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន បានរកឃើញក្រុមគំរូចំនួន ២៤ក្រុមដែលនឹងត្រូវប្រកួតគ្នាដណ្តើមជ័យលាភី ក្រុមឆ្នើម និងក្រុមល្អ នៅវគ្គផ្តាច់ព្រ័ត្រនេះ។
ជាលទ្ធផល សូមចូលរួមអបអរសាទរ ជ័យលាភីគម្រោងឆ្នើមថ្នាក់ជាតិ ឆ្នាំ២០២៥ «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ៖
- ប្រភេទជ័យលាភី ថ្នាក់ទី១០
គម្រោង “ល្អ”
១) ខេត្តកំពង់ស្ពឺ – ការផ្សព្វផ្សាយអំពីអាហារកែច្នៃទៅលើសុខភាព
២) ខេត្តស្ទឹងត្រែង – សួនអំណានឃុំថាឡាបរីវ៉ាត់
៣) ខេត្តកំពង់ធំ – យុវជនដើម្បីវប្បធម៌
គម្រោង “ឆ្នើម”
១) ខេត្តបាត់ដំបង – អានឈ្នះ អានឆ្នើម ផ្តើមពីអ្នក
២) ខេត្តកណ្តាល – ថ្នាក់រៀនត្រឡប់ក្នុងបរិបទឌីជីថល
៣) រាជធានីភ្នំពេញ – យុទ្ធនាការសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា
គម្រោង “គំរូ”
១) ខេត្តតាកែវ – អភិវឌ្ឍបណ្ណាល័យក្នុងសាលាសម្រាប់ការអប់រំ និង ការស្រាយជ្រាវ
២) ខេត្តសៀមរាប – បុរាណភាពលាក់ខ្លួនក្នុងស្រមោលព្រៃឈើ
៣) ខេត្តព្រះសីហនុ – ស្នាមញញឹមសិស្សរៀនយឺត
៤) ខេត្តកំពង់ចាម – សម្រស់វិទ្យាល័យខ្ញុំ
៥) ខេត្តប៉ៃលិន – បន្ទប់មានអនាម័យដើម្បីសុខមាលភាពយុវជន
៦) ខេត្តស្វាយរៀង – សាលាបៃតងព្រោះបន្លែធម្មជាតិ - ប្រភេទជ័យលាភី ថ្នាក់ទី១១
គម្រោង “ល្អ”
១) ខេត្តប៉ៃលិន – សួនបៃតង
២) ខេត្តសៀមរាប – ចង្វាក់សុខភាពសាលាពើងឆ័ត្រ
៣) ខេត្តស្វាយរៀង – អំណានមានអំណាចលើវឌ្ឍភាព
គម្រោង “ឆ្នើម”
១) ខេត្តព្រះសីហនុ – តំណក់ទឹកនៃក្តីសង្ឃឹម
២) ខេត្តតាកែវ – ផ្សារសហគមន៍ទន្លេបាទី
៣) ខេត្តកំពង់ចាម – ភាសាជាស្ថានឈានទៅរកឱកាស
គម្រោង “គំរូ”
១) ខេត្តកំពង់ស្ពឺ – យុទ្ធសាស្ត្រធ្វើសិស្សរៀនតាមបែបឌីជីថល
២) រាជធានីភ្នំពេញ – ក្តីសង្ឃឹមកុមារកម្ពុជា
៣) ខេត្តកណ្តាល – ដោះសោអំណានបំភ្លឺជីវិត
៤) ខេត្តកំពង់ធំ – ការបំប្លែងថ្មីដើម្បីអនាគតបៃតង
៥) ខេត្តស្ទឹងត្រែង – ដាំថ្ងៃនេះ បេះថ្ងៃស្អែក
៦) ខេត្តបាត់ដំបង – យុវជនគ្មានផ្សែង-Zero Vape៕ រក្សាសិទ្ធដោយ៖សុទ្ធលី












