ភ្នំពេញ ៖ នារសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានយុវជន Directorate General of Youth និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានសហការរៀបចំ ពិធីបើកវគ្គបណ្តុះបណ្តាលមុនចេញដំណើរ (Pre-Departure Training) ជូនដល់ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងប្រទេសជាសមាជិកអាស៊ានចំនួន២។
កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី ទេព ស៊ីណាត អគ្គនាយករងយុវជន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ អ៊ឹម រចនា – IM Rachna ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំសមាគម SIC អតីតប្រតិភូយុវជន និងជាពិសេស ប្រធាននិងប្រតិភូយុវជនកម្មវិធីលើកទី៤៩ ព្រមទាំងអាណាព្យាបាលជាច្រើនរូប។
នៅក្នុងកម្មវិធីនេះ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានសម្ដែងការអបអរសាទរចំពោះប្រតិភូយុវជនទាំង ១៦រូប និងលោក អ៊ួន បឋម ហៅ SAI ជាប្រធានប្រតិភូយុវជន ដែលបានឆ្លងកាត់ការជ្រើសរើស និងចាត់តាំង ប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្ដីសម្រេចទុកចិត្ត ជ្រើសរើសជាយុវជន «តំណាងឱ្យកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍លើកទី៤៩។
បើតាមលោកជំទាវ នៅក្នុងរយៈពេល ៣ខែ ចាប់ពីពេលនេះតទៅ ប្អូនៗជាប្រតិភូយុវជនតម្រូវឱ្យចូលរួមឱ្យខាងតែបាននៅក្នុងវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីយល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើងជាមួយយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងជប៉ុន ព្រមទាំងទីម័រឡេស្ត ដោយប្រើប្រាស់ឱ្យអស់នូវសមត្ថភាពនិងសក្ដានុពលរបស់ខ្លួន ដើម្បីស័ក្តិសមជា «យុវជនតំណាងកម្ពុជា» ដែលមានប្រជាជន១៧លាននាក់ នៅលើស្មា។
នៅចុងបញ្ចប់ លោកជំទាវប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីចិត្ត ចំពោះការដឹកនាំនិងការគាំទ្ររបស់អគ្គនាយកដ្ឋានយុវជន ដែលបានចូលរួមនៅក្នុងដំណើរការជ្រើសរើសប្រតិភូយុវជនសម្រាប់កម្មវិធី SSEAYP លើកទី៤៩ តាំងពីដើមរហូតមក។ ការចូលរួមរបស់អតីតប្រតិភូយុវជននៃកម្មវិធី SSEAYP ក៏ត្រូវបានលោកជំទាវកត់សម្គាល់ថា ជាការបង្ហាញនូវសាមគ្គីភាព ភារតភាព និងស្មារតីក្រុមគ្រួសារ SIC ដែលត្រូវប្រឹងប្រែងថែ និងរួមគ្នាថែឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











