ព្រៃវែង ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះសារ នៅមុននេះបន្តិច ដោយបញ្ជាក់ថា រឿងមើលទៅសាមញ្ញៗ ប៉ុន្តែមហាវិសាមញ្ញ និងជាគ្រោះមហន្តរាយសង្គមជាតិ។ មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីឯកឧត្តម អភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកផ្សេងៗគ្នាក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញផងដែរ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា ក្រុមផ្តល់ប្រាក់កម្ចីនេះ (ចងការប្រាក់) មានសាខា មានភ្នាក់ងារច្រើន ស្មុគស្មាញ និងមានផែនការច្បាស់លាស់ ដែលទុនកម្ចីផ្តល់ទៅឱ្យពលរដ្ឋនាពេលបច្ចុប្បន្នចំនួនរាប់ពាន់លានរៀល ។ តាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែនៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ ។ ការបង់ប្រាក់រៀងរាល់ថ្ងៃត្រឡប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើមនិងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែអាការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ ដូចនេះបើយើងគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ ការនេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹងនិងកំពុងទីទ័លក្រគ្មានជម្រើស ។
រូបភាពនេះ ត្រូវបាននគរបាលស្រាវជ្រាវឃើញ និងយកជាគោលក្នុងការបង្ក្រាប។ កម្លាំងនគរបាលបានខិតខំស្រាវជ្រាវរកឬសគល់នៃអ្នកទទួលខុសត្រូវធំបំផុតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់នេះ ហើយនគរបាលក៏ប្តេជ្ញាលុបបំបាត់ឱ្យអស់ពីទឹកដីខេត្តព្រៃវែង ។
សូមពលរដ្ឋខេត្តព្រៃវែងទាំងអស់ ឈប់ខ្ចីប្រាក់នេះបន្តទៀត បើមិនដូចច្នោះទេ ១ ឬ ២ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដី លក់ផ្ទះគ្មានសេសសល់ឡើយ ។
មួយវិញទៀត បើមានអ្នកផ្តល់កម្ចីខុសច្បាប់បែបនេះដំណើរការក្នុងទឹកដីខេត្តព្រៃវែង ស្នើនគរបាលទាំងអស់បង្ក្រាបភ្លាមៗកុំចាំថ្ងៃស្អែក ។ អ្នកចងការប្រាក់បែបបោកបញ្ឆោតពលរដ្ឋបែបនេះ បើហ៊ានរករឿងប្រជាពលរដ្ឋ នគរបាលត្រូវចូលរួមការពារប្រជាពលរដ្ឋឱ្យខាងតែបាន ។
សូមបញ្ជាក់ថា ព័ត៌មានលម្អិតពាក់ព័ទ្ធការបង្ក្រាបដ៏ធំនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនឹងផ្សាយជូនសាធារណៈជនបានជ្រាបក្នុងថ្ងៃនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





