Tuesday, October 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ជិត ៣០០នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់

ខេត្តព្រះសីហនុ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត៣០០នាក់ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ ការរកឃើញនេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា កាលពីប៉ុន្មានថ្ងៃមុននេះ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ប្រមាណ៥៨នាក់។ ជនបរទេសទាំងអស់នេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារ ជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ដើម្បីសម្របសម្រួល។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសនោះជាបន្ដបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×