កំពង់ស្ពឺ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យជានាយប៉ុស្ថិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង ដែលបានបង្កឱ្យគ្រោះថ្នាក់ដល់ជនរងគ្រោះឈ្មោះ ផាន ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៣ ខែតុលា ឆ្នាំ២០២៥ ទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និង សាធារណជន ជ្រាបថា ៖ ករណីផ្ទុះអាវុធបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទិ នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋ បាលពោធិ៍អង្គ្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ។
ក្រោយកើតហេតុ ជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ច ក្នុងនោះកំលាំងផ្នែកព្រហ្មទណ្ឌបានចាប់ យកអាវុធ AK47 ស្វាយបត់ មួយដើម លេខ៤០៣៤ បង់ ១ គ្រាប់ចំនួន ១៩ ដែលជាវត្ថុតាងបណ្តាលឱ្យ ស្លាប់យុវជនឈ្មោះ ផាន ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង អាវុធ AK47 មកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជូនជនសង្ស័យទៅកាន់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


