ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សង្ឃឹម និងជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តរួចនេះ នឹងត្រូវបានចាត់ចែងអនុវត្ត និងប្រើប្រាស់សម្រាប់ការរៀបចំផែនការតាមវិស័យនៅក្នុងក្រុង ស្រុកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងតម្រង់ទិសដល់ការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍នានា និងឆ្លើយតបបានត្រឹមត្រូវនូវតម្រូវការចាំបាច់ជាអាទិភាព និងបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ថា ការងារនេះជាការងារថ្មីមួយដែលរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនពុំធ្លាប់បានរៀបចំ និងចាត់ចែងអនុវត្ត ហេតុនេះ ឯកឧត្តមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាប់ផ្តើមម្ចាស់ការរៀបចំ និងជំរុញការកសាង និងការអនុវត្តផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ខ្លួន និងចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី ការរៀបចំទីក្រុង និងទីប្រជុំជនសម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមនីយកម្ម និងស៊ីវិល័យ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងផែនការអភិវឌ្ឍន៍ជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុមដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង សុខភាពល្អ និងមានភាតរភាពជាបងប្អូន។
ពិធីបិទកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៦ តុលា ២០២៥នៅទីស្តីការក្រសួង។
ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល។
ផ្តើមចេញពីថ្ងៃនេះ យើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗដោយប្រើប្រាស់អ្វីដែលយើងមាន ការរៀបចំលំហសាធារណៈ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ។
កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាទីស្តីការក្រសួង៕ រក្សាសិទ្ធដោយ៖សុទ្ធលី









