កំពង់ស្ពឺ ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី
ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ឃាតកម្ម ដែលមេប៉ុស្តិ៍នគរបាលពោធិ៍អង្គ្រងផ្ទុះអាវុធចំនួន០១គ្រាប់ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នក សារព័ត៌មានទាំងអស់ជ្រាបថា៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ១៨១១ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ទាក់ទិននឹង ករណី ផ្ទុះអាវុធបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ២២ នឹង០០ នាទី នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ មានករណីផ្ទុះអាវុធចំនួន០១គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បណ្តាលឲ្យ ជនរងគ្រោះឈ្មោះ ផាន ផាយុ ស្លាប់បាត់បង់ជីវិត។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង AK47 រួចកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីធ្វើការសួរចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ ពីបទ៖ ឃាតកម្ម ដោយបើកការស៊ើបសួរទៅចៅក្រមស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៖ ១៣៦៦ ដកសស ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥
ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី


