ខេត្តកំពង់ចាម: “លោកអធិការ ស្នងការព្រមទាំងអភិបាលក្រុង-ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ទាំងមូលត្រូវតែមានកម្លាំងតាមដានឆែកមើលបណ្ដាញសង្គមដែលបង្ហោះព័ត៌មានមិនពិតបែបញុះញង់បង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមសូមមានវិធានការបង្ក្រាបជាបន្ទាន់។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពទឹកជំនន់និងផលប៉ះពាល់ក្នុងរដូវវស្សាឆ្នាំ២០២៥ ដោយធ្វើឡើងនាព្រឹកថ្ងៃទី៨តុលា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្ត។ ជាមួយនោះមានការចូលរួមពីអង្គភាពពាក់ព័ន្ធគ្រប់ស្រុក-ក្រុងទាំងអស់ ធ្វើយ៉ាងណាពេលត្រឡប់ទៅមូលដ្ឋានវិញពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ឲ្យបានល្អជូនដល់ប្រជាពលរដ្ឋ សំដៅភូមិ-ឃុំមានសុវត្ថិភាព។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការគ្រោះមហន្តរាយសាលាខេត្តបានបញ្ជាក់ថា: ចំពោះស្ថានភាពទឹកជំនន់នៅក្នុងរដូវវស្សាឆ្នាំ២០២៥ នេះ បានធ្វើឲ្យខេត្តកំពង់ចាមទទួលរងនូវការប៉ះពាល់ចំនួន ៨ស្រុកក្នុងចំណោមស្រុក-ក្រុងទាំង១០ នៃខេត្តកំពង់ចាម។ជាមួយនោះបណ្ដាលរងផលប៉ះពាល់មាន១៤១ភូមិ គ្រួសារចំនួន៤៨៨៤គ្រួសារមនុស្ស១៧០៧៣នាក់ ប៉ះពាល់ផ្ទះពលរដ្ឋចំនួន៣១៤០ខ្នង ប៉ះពាល់វត្តចំនួន៩កន្លែង សាលារៀនចំនួន១២ខ្នង មណ្ឌលសុខភាពមួយកន្លែងនិងវិហារអ៊ីស្លាមមួយកន្លែង។
របាយការណ៍បានឲ្យដឹងទៀតថាប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាពចំនួន៦២គ្រួសារស្មើនឹង២៤១ នាក់ក្នុងនោះស្រុកស្ទឹងត្រង់ មានចំនួន២៧គ្រួសារ មនុស្សរួម១២៦ នាក់រួមមានឃុំទួលព្រះឃ្លាំងចំនួន២៣ គ្រួសារ មនុស្សចំនួន១០៧នាក់និងឃុំព្រះអណ្ដូងចំនួន៤គ្រួសារ មនុស្ស៨ នាក់និងស្រុកកំពង់សៀមចំនួន៣៥ គ្រួសារ មនុស្សរួម១១៦នាក់។នៅឃុំកោះសំរោង៣០គ្រួសារ មនុស្ស៩៣នាក់និងឃុំកោះទន្ទឹម៥គ្រួសារ មនុស្ស២៣នាក់និងសត្វពាហនៈ ៣ក្បាល ស្រុកកោះសូទិន។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃខាងមុខក្រោយពីប្រជុំចប់ពេលត្រឡប់ទៅអង្គភាពវិញសូមអភិបាលស្រុកចំនួន៨ ដែលទទួលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គត្រូវធ្វើរបាយការណ៍លម្អិតឲ្យបានច្បាស់លាស់ដើម្បីយកជាផ្លូវការ។ដោយមើលឃើញផលប៉ះពាល់នៅស្រុកកំពង់សៀមមាន៣០គ្រួសារ ដែលមកស្នាក់នៅទីទួលសុវត្ថិភាពឃុំរអាង មន្ទីរសុខាភិបាលខេត្ត ដែលបានទទួលថ្នាំសង្កូវពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ត្រូវយកថ្នាំពេទ្យទាំងនោះបែងចែកតាមមណ្ឌលសុខភាពដើម្បីងាយស្រួលដល់ក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាលជូនដល់ពលរដ្ឋានរងគ្រោះពីជំនន់។
ឯកឧត្តមអភិបាលខេត្តមាន ប្រសាសន៍បន្តថា ជាមួយនោះអាជ្ញាធរមូលដ្ឋានត្រូវរាយការណ៍ជូនដល់ប្រធានក្រុមការងារចុះជួយតាមបណ្ដាឃុំ ត្រូវអញ្ជើញពួកគាត់មកចូលរួមដើម្បីសកម្មភាពមនុស្សធម៌ចែកអំណោយជូនដល់ពលរដ្ឋនិងថ្នាំសង្កូវ ដើម្បីឱ្យពួកគាត់មានសុខភាពល្អធ្វើយ៉ាងណាឱ្យអនុវត្តហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ហើយសមត្ថកិច្ចគ្រប់ស្រុក-ក្រុងទាំង១០ ត្រូវតែបន្តយកចិត្តទុកដាក់តាមដានជនណាដែលបង្ហោះព័ត៌មានលើបណ្ដាញសង្គមដើម្បីញុះញង់ ត្រូវតែមានវិធានការបង្ក្រាបជាបន្ទាន់ឲ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









