ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលនរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ និងច្រាលចោល ទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យក្នុងខេត្ត បន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ “Khaosod English” ដែលបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រម ទទួលព្យាបាល ”។ នៅក្នុងខ្លឹមសារគណនីហ្វេសបុកនេះ បានបញ្ជាក់ទៀតថា៖ “បុរសជនជាតិថអាយុ ២៤ឆ្នាំម្នាក់ មកពីខេត្ត Nakhon Si Thammarat បានស្លាប់នៅតាមផ្លូវក្នុងប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃអង្គារ បន្ទាប់ពីមន្ទីរពេទ្យក្នុងស្រុក បដិសេដមិនព្យាបាលគាត់ ដោយសារគាត់គ្មានលុយ ឬឯកសារ បញ្ជាក់អត្តសញ្ញាណ” នេះបើយោងតាមហ្វេសបុករបស់មជ្ឈមណ្ឌលសម្រាប់ជំនួយជនជាតិថៃនៅក្រៅប្រទេស។
ចំពោះករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺ ជូនសាធារណៈជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង១០នាទីរសៀល សមត្ថកិច្ច ជំនាញនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញគ្រូពេទ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចូលរួមធ្វើកោសល្យវិច័យលើសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (គ្មានឯកសារអ្វីជាប់នឹងខ្លួនទេ) ដែលតម្កល់នៅវត្តប្រជាធម្ម ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ សពនេះត្រូវបានប្រជាជនប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យ និងស្រាវជ្រាវ ដល់ទីតាំង បានបញ្ជាក់ថា៖ សពនេះដេកស្លាប់នៅមុខសំយ៉ាបអគារកម្ពស់ ៥ជាន់ ដែលទុកចោល មិនមានមនុស្សរស់នៅស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកភិនភាគសពខាងលើមាន ស្លៀកខោខ្លីពណ៌ខ្មៅឡាយក្រហម គ្មានពាក់អាវ ហើយក្រុមកោលសល្យវិច័យបានធ្វើការកំណត់មូលហេតុ ជាបឋម នៃការស្លាប់សង្ស័យ “ដោយសារជំងឺគាំងបេះដូង” ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅម៉ោង២១និង១០នាទី ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទទួលព័ត៌មានពី ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ដោយផ្ញើរូបថត និងអត្តសញ្ញាណប័ណ្ណ ដើម្បីឱ្យភាគីកម្ពុជាជួយស្វែងរកជនជាតិថៃ ដែលបានបាត់ខ្លួន និងមានការរាយការណ៍
ថាបានស្លាប់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកទៀត ទើបសមត្ថកិច្ចបានមកពិនិត្យ និងផ្ទៀងផ្ទាត់ ភិនភាគសពម្តងទៀត ទើបអាចកំណត់បានថា សពដែលបានស្លាប់នេះ ជាជនជាតិថៃ មាន ឈ្មោះ METHACHAN YOSENG ភេទប្រុស កើតថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ កាន់អត្តសញ្ញាណប័ណ្ណថ លេខ ១៨០០២០០០៨៨១៧៤។ ចំពោះឈ្មោះ METHACHAN YOSENG ចូលមកធ្វើការនៅ ព្រះរាជាណាចក្រកម្ពុជា មិនស្របច្បាប់ទេ។
សពត្រៀមនឹងធ្វើការបញ្ជូនទៅប្រទេសថៃវិញតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត តាមសំណើសុំរបស់ស្ថានអគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប។
ដោយឡែក នៅមន្ទីរពេទ្យប៉ោយប៉ែត ក្រុមគ្រូពេទ្យមិនបានទទួល និងឃើញអ្នកជំងឺឈោ្មះ METHACHAN YOSENG មកទទួលការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយ។ កន្លងមក ក៏ដូច បច្ចុប្បន្ន មន្ទីរពេទ្យមិនដែលបានបដិសេធក្នុងការទទួលការពិនិត្យ ព្យាបាល និងសង្គ្រោះអាយុជីវិត អ្នកជំងឺណាម្នាក់ឡើយ ទោះបីអ្នកជំងឺនោះគ្មានថវិកាបង់ថ្លៃសេវា គឺមន្ទីរពេទ្យលើកលែងការបង់ថ្លៃការព្យាបាល (ដោយមិនគិតពីរបាំងហិរញ្ញវត្ថុ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការ នយោបាយឡើយ)។
ពិសេសតាមរយៈការចុះពិនិត្យ និងអង្កេត បានបញ្ជាក់យ៉ាងច្បាស់ថា សពឈ្មោះ METHACHAN YOSENG បានប្រទះឃើញដេកស្លាប់ នៅមុខសំយ៉ាបអគារទុកចោល គ្មានមនុស្សរស់នៅ ដោយមិនដឹងមូលហេតុច្បាស់លាស់ និងមិនបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឡើយ។
បើគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ដែលច្រកទ្វារព្រំដែនអន្តរជាតិ ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទដោយឯកតោភាគីរបស់ភាគីថៃ ខេត្តបន្ទាយមានជ័យបានទទួលពិនិត្យ និង ព្យាបាលអ្នកជំងឺជាជនជាតិថៃ សរុបចំនួន ៣១នាក់ (ស្រី ១២នាក់) ដូចខាងក្រោម៖
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន ២១នាក់ (ស្រី៨នាក់ ក្នុងនោះផ្នែកសម្ភពចំនួន ៤នាក់ (សម្រាលកូនដោយវះកាត់ចំនួន ១នាក់), ផ្នែកវះកាត់ចំនួន ៥នាក់ (ស្រី ២នាក់), ផ្នែកជំងឺ សង្គ្រោះបន្ទាន់ ចំនួន ១០នាក់ (ស្រី ២នាក់) និងផ្នែកជំងឺទូទៅចំនួន ២នាក់ (ស្រី ២នាក់)។ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីចំនួន ១០នាក់ (ស្រី ៤នាក់) ក្នុងនោះផ្នែកសម្ភព ចំនួន ២នាក់ (វះកាត់កូនក្រៅស្បូនចំនួន ១នាក់), ផ្នែកជំងឺទូទៅ (រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ) ចំនួន ៨នាក់ (ស្រី ២នាក់)។
គ្រប់អ្នកជំងឺទាំងអស់ដែលមកទទួលសេវាពិនិត្យ ព្យាបាល និងសង្គ្រោះ នៅក្នុងមន្ទីរពេទ្យទទួល បាននូវការបម្រើសេវាដោយយកចិត្តទុកដាក់ ប្រកបដោយស្នាមញញឹម រួមទាំងការមើលថែទាំ ងូតទឹក ប្ដូរ សម្លៀកបំពាក់ សេវាគាំទ្រផ្លូវចិត្ត និងការផ្តល់របបអាហារប្រចាំថ្ងៃ។ ក្នុងចំណោមអ្នកជំងឺជនជាតិបរទេស និងជនជាតិថៃដើម ភាគច្រើនដែលមកទទួលសេវា មិនមានសាច់ញាតិ ឬអ្នកកំដរជូនមកទេ ប៉ុន្តែមន្ទីរ ពេទ្យ មានភារកិច្ចទទួលយកមកពិនិត្យ ព្យាបាលដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ឡើយ។ ជាមួយគ្នានេះ អ្នកជំងឺក្រីក្រ ឬគ្មានលទ្ធភាពបង់ថ្លៃត្រូវបានការលើកលែងការបង់ថ្លៃសេវា។
សរុបសេចក្តីមក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ និងច្រាន ចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានរបស់គណនីហ្វេសបុកឈ្មោះ “Khaosod English” ដែលបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល ” ដែលព័ត៌មាននេះ មានលក្ខណៈញុះញង់ធ្វើឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ក្នុងន័យ ធ្វើឱ្យមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំអំពីការពិត នៃការបម្រើសេវារបស់ក្រុមគ្រូពេទ្យ ពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយស
កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចបម្រើសេវាដោយបុរសកម្ម ការយកចិត្តទុកដាក់ ការទទួលខុសត្រូវ គោរព ក្រមសីលធម៌វិជ្ជាជីវៈ និងមនុស្សធម៌ ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នើឱ្យគណនីហ្វេសបុកឈ្មោះ “Khaosod English” ធ្វើការការសម្រួលព័ត៌មាន និងលុបចោលនូវការផ្សាយព័ត៌មានមិនពិតនេះពីបណ្តាញសង្គម ដើម្បីចៀសវាងការយល់ច្រឡំពីមតិជាតិ និងអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





