ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។
ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី
