ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប អំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។
យោងតាមព័ត៌មានពីយោធភូមិភាគទី៤ បានឱ្យដឹងថា៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតអញ្ជើញប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ និងសមាជិកចំនួន ១០រូប ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ សំដៅធានាបាននូវដំណើរការនៃកិច្ចប្រជុំខាងមុខប្រកបដោយភាពរីកចម្រើន ស្ថាបនា និងទទួលបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ គឺជាការអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕ រក្សាសិទ្ធដោយ៖សុទ្ធលី
