រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះ លោក Enrico Gaveglia ដែលទើបទទួលបានតែងតាំងជាអ្នកតំណាងថ្មីនៃUNDP ប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ UNDP ដែលកន្លងមកបានដើរតួនាទីដ៏សំខាន់នៅកម្ពុជា ចាប់តាំងពីដំណាក់កាលការស្តារ និងការកសាងកម្ពុជាឡើងវិញនៅដើមទសវត្សទី៩០ រហូតដល់ដំណាក់កាលនៃការអភិវឌ្ឍ ជាពិសេសបានចូលរួមចំណែកគាំទ្រកម្ពុជាក្នុងដំណើរចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ហើយឯកឧត្តមសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ទោះបីសកលលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដូចជា បញ្ហាសណ្តាប់ធ្នាប់ពិភពលោក, ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរយ៉ាងមុតមាំក្នុងការលើកកម្ពស់សន្តិភាព, ភាពជាដៃគូ, និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនិយម។ ក្នុងនោះដែរ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់អំពីការចង់ឃើញការរៀបចំកម្មវិធីនានា ដែលត្រូវនឹងបរិបទនិងក្របខ័ណ្ឌកម្ពុជា ហើយមានភាពប្រទាក់ក្រឡានិងស្របជាមួយនឹងគោលនយោបាយនិងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានចែករំលែកអំពីយន្តការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយន្តការផ្អែកលើភស្តុតាងនិងទិន្នន័យ នៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពនៃការអនុវត្ត ក៏ដូចជាផ្តល់អនុសាសន៍តម្រង់ទិសកែសម្រួលគោលនយោបាយ, យុទ្ធសាស្ត្រតាមវិស័យ និងយន្តការអនុវត្ត។
លោក Enrico Gaveglia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក Enrico Gaveglia ក៏បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅកម្ពុជា ហើយលោកបានបញ្ជាក់ពីចំណាប់អារម្មណ៍ និងកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ លោក Enrico Gaveglia បានលើកឡើងអំពីការបន្តវិនិយោគ និងផ្តល់តម្លៃបន្ថែមរបស់ UNDP ទៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ស្របតាមតម្រូវការនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការអភិវឌ្ឍនេះទៀតសោតមិនអាចកើតមានឡើង បើសិនជាគ្មានកិច្ចសហប្រតិបត្តិការដោយសន្តិភាពនៅក្នុងតំបន់នោះទេ។
បន្ថែមពីនេះ លោក Enrico Gaveglia បានវាយតម្លៃខ្ពស់ចំពោះក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថាជាសំណាញ់មួយដែលផ្អែកលើទិន្នន័យ ក្នុងការចាប់យកលទ្ធផលនានាដែលក្រសួង ស្ថាប័ននីមួយៗសម្រេចបាន ហើយបង្កើតបានជារូបភាពច្បាស់លាស់មួយអំពីវឌ្ឍនភាពនៃគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ លោក Enrico Gaveglia បានបេ្តជ្ញាថា UNDP នឹងនៅតែបន្តយកចិត្តទុកដាក់លើការអនុវត្តតាមកម្មវិធីអភិវឌ្ឍន៍ប្រទេស (Country Programme Document) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោក Enrico Gaveglia ក៏បានពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន ក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់UNDP, កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូល្អ, យន្តការឆ្លើយតបនឹងបញ្ហាបរិស្ថាន, ការផ្តល់ហរិញ្ញប្បទាននិងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA), ការទាក់ទាញវិនិយោគិនមកកម្ពុជា, បញ្ញាសិប្បនិម្មិត (AI) និងសមត្ថភាពប្រើប្រាស់ក្នុងវិស័យអភិបាលកិច្ច, ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃលើប្រសិទ្ធភាពការងារ, និងបញ្ហាប្រឈមដទៃទៀតទាក់ទិននឹងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងទីស្តីការគណៈរដ្ឋមន្រ្តី និង UNDP ផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់ UNDP ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យ UNDP បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី













