កំពត ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនអតីតចៅអធិការវត្តភ្នំរាប ទៅសាលាដំបូងពីបទចោទប្រកាន់ពីបទគំរាមកំហែង និងហែកកេរ្តិ៍។
ជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអតីតចៅអធិការវត្តភ្នំរាប ត្រូវបានប្តឹងដោយឈ្មោះ ទួន ពៅធី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។
កម្មវត្ថុបណ្តឹង បទ គំរាមកំហែង ហែកកេរ្តិ៍ឈ្មោះ ដែលប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដាក់ពាក្យបណ្តឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ទីតាំង វត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ផ្អែកតាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាព ថាខ្លួនពិតជាបាន គំរាម និងបង្ហោះរូបអាសអាភាស ព្រមទាំង រូបភាពរួមភេទ ជាមួយដើមបណ្តឹងជាសាធារណៈប្រាកដមែន ។ ហេតុនេះ ទើបសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធី ។
លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃស្នងការដ្ឋានបានបញ្ជូនជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ ៣៥ឆ្នាំទៅសាលាដំបូងខេត្ត បន្ទាប់ពីបានសាកសួរ និងកសាងសំណុំរឿងរួចរាល់ស្របតាមបណ្តឹងស្តីពីបទគំរាមកំហែងហែកកេរ្តិ៍ឈ្មោះ។
សូមបញ្ជាក់ថា ក្រោយលាចាកសិក្ខាបទនៅចំពោះមុខព្រះមេគណខេត្តកំពត និងមន្ត្រីពាក់ព័ន្ធក្នុងសាលាគណជុំក្រៀលដោយសារបរាជិកពីប្បញ្ញត្តិនៃពុទ្ធសាសានា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អន្ទិត សុត ដាវី ត្រូវបានសមត្ថកិច្ចទទួលយកទៅសាកសួរពាក់ព័ន្ធនឹងបណ្តឹងពីបទគំរាមកំហែង ហែកកេរ្តិ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី






