បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងកងពលលេខ៥១ បានសហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។
មន្រ្តីនគរបាលទាំង៦រូប ដែលត្រូវឃាត់ខ្លួនរួមមាន៖ទី១៖ លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទី២៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទី៣៖ លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទីមេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរសេនាតូច៨៩១ ទី៤៖ លោកពលបាលត្រី ព្រឹម ឌុន តួនាទីមន្ត្រី វរសេនាតូច៨៩១ ទី៥៖ លោកពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រី វរសេនាតូច៨៩១ ទី៦៖ លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរសេនាតូច ៨៩១ ៧៖ ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅត្រូវបានឃាត់ខ្លួនសួរនាំក្នុងរង្វង់ប្រតិបត្តិការណ៍ តែក្រោយសាកសួរគឺមិនពាក់ ព័ន្ធបទល្មើសឡើយ។
បន្ទាប់ពីឃាត់ខ្លួនរួចមន្ត្រីនគរបាលទាំង៦រូបនេះ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត។
មន្ត្រីដែលពាក់ព័ន្ធបទល្មើសមានចំនួន៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ទាក់ទងនឹងបញ្ហាព្រំដែន និងបទល្មើសនៅតាមតំបន់ព្រំដែន កាលពីព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារដាស់តឿនផងដែរចំពោះឈ្មួញ និងមន្ដ្រី។ សាររបស់សម្ដេចតេជោ បានសរសេរថា « ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។» សម្ដេចសង្កត់ធ្ងន់ថា « ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ) »៕ រក្សាសិទ្ធដោយ៖សុទ្ធលី







