ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកាសរុបចំនួន ១៨៣,៥៨៨ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៥នេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយ ទាំងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
១. គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះ សីហនុ (ថវិកាចំនួន ១២០,៣០៨ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ ខេត្ត
កណ្តាល និងខេត្តព្រះសីហនុ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំ ជន ក្នុងប្រទេសកម្ពុជា ដែលការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់ទីប្រជុំជនបាននាំមកនូវឧប្បត្តិហេតុអគ្គិ ភ័យជាញឹកញាប់ ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញ។ ទោះបីជាមាន បុគ្គលិកសុខាភិបាលនៅស្ថានីយ៍ពន្លត់អគ្គិភ័យក៏ដោយ ការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់បានពន្យារកិច្ច ខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ដែលពេលខ្លះអាចបណ្ដាលឱ្យមានអ្នកស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះ រថយន្តសង្គ្រោះបន្ទាន់ចំនួន៤ នឹងត្រូវបានផ្ដល់ដល់ស្ថានីយ៍ពន្លត់អគ្គិភ័យ ដែលក្នុងនោះមានរាជធានីភ្នំពេញ ចំនួន២គ្រឿង ខេត្តកណ្តាលចំនួន១គ្រឿង និងខេត្តព្រះសីហនុចំនួន១គ្រឿង ដើម្បីជួយសម្រួលដល់ការ សង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿន ក្នុងករណីអគ្គិភ័យ។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនប្រមាណ ៤,១៤ លាននាក់ ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ និង បង្កើនសុវត្ថិភាពសាធារណៈ។
២. គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី (ថវិកាចំនួន ៦៣,២៨០ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យបង្អែកបរកែវ
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី នៅមន្ទីរពេទ្យបង្អែកបរកែវ។ ចាប់តាំងពីម៉ាស៊ីនថតកាំរស្មីអ៊ិចបានខូចក្នុងឆ្នាំ២០២១ អ្នកជំងឺដែលត្រូវការ ថតរូបភាពកាំរស្មីអ៊ិចត្រូវធ្វើដំណើរចម្ងាយ ៣០គីឡូម៉ែត្រ ទៅកាន់មន្ទីរពេទ្យខេត្ត ដោយចំណាយទាំងថ្លៃធ្វើ ដំណើរខ្ពស់ និងពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ។ បន្ថែមពីនេះ ការដាច់ភ្លើងញឹកញាប់ ជាពិសេសក្នុងរដូ វវស្សា កាន់តែរាំងស្ទះដល់ការព្យាបាល។ ដោយសារអគារព្យាបាលជំងឺទូទៅខ្វះម៉ាស៊ីនភ្លើង គ្រូពេទ្យត្រូវប្រើ ប្រាស់ពិលដើម្បីធ្វើការងារ។ មន្ទីរពេទ្យក៏ខ្វះនូវម៉ាស៊ីនចាប់ចង្វាក់បេះដូងផងដែរ ដែលចាំបាច់ក្នុងការរកឃើញ សញ្ញាដំបូងនៃជំងឺបេះដូង។ តាមរយៈការបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើ ងថ្មី មន្ទីរពេទ្យនឹងអាចផ្ដល់ការធ្វើរោគវិនិច្ឆ័យបានលឿន និងត្រឹមត្រូវជាងមុន ដែលលើកកម្ពស់ការថែទាំអ្នកជំងឺ ប្រមាណ ៩,៥០០នាក់ ជារៀងរាល់ឆ្នាំ និងកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសហគមន៍ជនបទ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ថ្ងៃ០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំ ពិធីចុះហត្ថលេខាថ្ងៃនេះ លើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ដែលនឹងត្រូវបានអនុវត្តក្រោម ជំនួយឥត សំណងគូសាណូណ៌សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
មុននឹងចាប់ផ្ដើមសុន្ទរកថា ខ្ញុំសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុង
ជម្លោះព្រំដែនរវាងកម្ពុជានិងថៃនាពេលថ្មីៗនេះបានទៅកាន់សុគតិភព និងសូមសម្ដែងនូវក្តីអាណិត អាសូរជាពន់ពេកចំពោះអ្នកដែលទទួលរងគ្រោះទាំងអស់ផងដែរ។ រដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរ ចំពោះកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ និងកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយយើងសង្ឃឹមថាបញ្ហានេះនឹង ត្រូវបានដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមរយៈការសន្ទនាដោយសន្តិវិធី។ យើងនឹង បន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែន និងការស្ថាបនាតំបន់ព្រំដែនឡើងវិញ ហើយយើងបាន ផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់ចំនួន ១,៨លាន ដុល្លារអាមេរិករួចមកហើយ ដើម្បីគាំទ្រដល់ប្រជាជន ក្នុងតំបន់រងគ្រោះ។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង របស់ពួកគាត់។ គូសាណូណ៌ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លង មកនេះ ស្ថានទូតជប៉ុន បានអនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ ជំនួយឥតសំណងគូសាណូណ៌។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូល
រួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
បើតាមឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានសង្កេតឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមនានា ដែលត្រូវ ដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការនានា រួមទាំង គូសាណូណិ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




