ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើកទឹកចិត្តជូនដល់សិស្សានុសិស្ស ជ័យលាភី ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យឡង ថ្ងៃទី២៨សីហា ដែលបានប្រឡងជាប់និទ្ទេស A-E មកពីស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។
ពិធីនេះប្រព្រឹត្តទៅនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសិស្សានោះសិស្សលោកគ្រូ អ្នកគ្រូ។
ឯកឧត្តម ប៉ែន កុសល្យ បានធ្វើរបាយការណ៍ស្វាគមន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំ ជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព ជាពិសេសយុវជន ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា លទ្ធផលសម្រេចនេះ គឺស្តែងឲ្យឃើញពីអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ មាតា-បិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបានសហការជួយបង្កលក្ខណៈល្អប្រសើរក្នុងការជំរុញការសិក្សារបស់សិស្ស ដើម្បីកសាងប្រទេសជាតិប្រកបដោយគុណភាព។
ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងសមត្ថភាពយុវជនឱ្យមានចំណេះដឹងទូលំទូលាយ និងជំនាញច្បាស់លាស់ តាមរយៈការផ្តល់ឱកាសអប់រំប្រកបដោយសមធម៌ និងគុណភាពខ្ពស់ យ៉ាងហោចណាស់យុវជនម្នាក់ក៏មានជំនាញអាជីពមួយ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃផងដែរ។ គោលនយោបាយនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជាតិ ប្រកបដោយចីរភាព។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកកត់ត្រាផ្ទាល់របស់សម្ដេចតេជោ ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា ទឹកដីកម្ពុជាយើង នឹងមិនត្រូវបានឈ្លានពានសូម្បីមួយមីលីម៉ែត្រក្នុងសម័យតេជោធិបតីនេះឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន ត្រូវបានអនុវត្តដោយយុទ្ធសាស្ត្រប្រកបដោយការអត់ធ្មត់ ភាពទន់ភ្លន់ ភាពបត់បែនខ្ពស់ និងមិនរំលោភលើកិច្ចព្រមព្រៀងក្នុងតំបន់ឡើយ។ ដូច្នេះ ឯកឧត្តម បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មានការអត់ធ្មត់ និងរង់ចាំលទ្ធផលដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយកាត់បន្ថយហានិភ័យសម្រាប់ប្រទេសកម្ពុជាឱ្យនៅកម្រិតទាបបំផុត។
បន្ថែមលើនេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស B C D និង E ឱ្យខិតបន្តទៀត ថ្វីបើគ្រប់គ្នាបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននិទ្ទេស A ដែរ តែយ៉ាងណាសូមកុំភ្លេចថា បរាជ័យគឺជាឱកាស ដោយបានបង្ហាញនូវផ្លូវដ៏មានសក្តានុពលចំនួន ៣ គឺឆ្វេង ស្តាំ និងកណ្តាល ដូចនេះការខិតខំប្រឹងប្រែងប្រកបដោយភាពស្អាតក្នុងខ្លួន គឺជាផ្នត់គំនិតក្នុងចិត្តម្នាក់ៗ និងផ្នែកខាងក្រៅ ដែលជាឥរិយាបថ គឺស្តែងចេញឱ្យអ្នកផងទាំងពួងឃើញ គឺជាគុណតម្លៃរបស់យើងម្នាក់ៗ ដែលជាធនធានល្អសម្រាប់ជាតិ។
សូមជម្រាបជូនថា សិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ នៅទូទាំងស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ មានចំនួនសរុប ២,៣១២នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៥២នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ១៧៦នាក់ សិស្សនិទ្ទេស C ចំនួន ៥៨៣នាក់ Dចំនួន ៨៩៦នាក់ និង E មានចំនួន ៦០៥នាក់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















