ខេត្តកំពង់ចាម: “សូមបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះត្រូវបានរងគ្រោះដោយទឹកជំនន់ពីទន្លេមេគង្គសូមបង្កើនការប្រុងប្រយ័ត្នថែទាំសុខភាពចៀសវាងកុំឲ្យមានជំងឺរាគរូសប្រសិនបើឈឺត្រូវប្រញាប់ទៅមណ្ឌលសុខភាព ដើម្បីព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសចែកដំណោយដល់ប្រជាពលរដ្ឋមកពីឃុំចំនួន៣ក្នុងនោះមានឃុំកោះសំរោង ឃុំកោះទន្ទឹមនិងឃុំកោះអណ្ដែត ដោយធ្វើឡើងនាព្រឹកថ្ងៃទី ៩តុលាឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តបល្ល័ង្គ ឃុំរអាង ស្រុកកំពង់សៀម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា:ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គគឺបានរងផលប៉ះពាល់ដោយទឹកទន្លេឡើងជាបន្តបន្ទាប់ចំនួន៣លើកក្នុងនោះលើកទីមួយមានកម្ពស់១៣ ម៉ែត្រលើកទី២កម្ពស់១៣,៥០ម៉ែត្រនិងលើកទី៣ ១៤,៥០ម៉ែត្រ។ តាមការសង្កេតដោយផ្ទាល់បងប្អូនមួយចំនួន ដែលរស់នៅឃុំរអាងបានចេញទៅប្រកបរបរដាំដុះបន្លែបង្ការនៅឃុំកោះសំរោង ក្រោយពេលដែលទឹកទន្លេឡើងមកលើកទីបីធ្វើឲ្យលិចភូមិឋានរបស់គាត់។ដូច្នេះត្រូវបានបង្ខំចិត្តដឹកសត្វពាហនៈមកកាន់ទីទួលសុវត្ថិភាពនៅចំណុចវត្តបល័ង្គ។
ដោយសារតែផ្លូវចូលមកកាន់វត្តមានផលវិបាកត្រូវបានព្រះចៅអធិការចលនាសព្វបុរសជនសាងសង់ផ្លូវបេតុងដោយចំណាយថវិកាអស់ជិត១០ម៉ឺនដុល្លារថ្ងៃក្រោយគឺងាយស្រួលដល់បងប្អូនធ្វើដំណើរមកកាន់ទីទួលសុវត្ថិភាពគេចពីទឹកជំនន់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាក្នុងរយៈពេល៤ទៅ៥ថ្ងៃខាងមុខទៀតគឺទឹកទន្លេនិងស្រកចុះទៅវិញដូច្នេះបងប្អូនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដើម្បីប្រកបរបរដាំដុះដោះស្រាយជីវភាពគ្រួសារ។សូមបញ្ជាក់ថាអំណោយដែលមកចែកជូនពលរដ្ឋមានឱកាសនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ហ្នឹងសូមពាំនាំការនឹករលឹកពីឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម។សម្រាប់អំណោយចែកជូនដល់ពលរដ្ឋទាំងបីឃុំ ដោយមួយគ្រួសារៗទទួលបានអង្ករ២៥ គីឡូក្រាម ឃីតមួយកញ្ចប់ ទឹកត្រីទឹកស៊ីអ៊ីវ អមដោយថវិកាប្រាំម៉ឺនរៀលចំណែក១៩គ្រួសារ ដែលត្រូវរុះរើផ្ទះឧបត្ថម្ភក្នុងមួយគ្រួសារ៤០ម៉ឺនរៀល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















