កំពត ៖ លោក ទេព តារ៉ុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ សុត ដាវី អតីតព្រះគ្រូចៅអធិការវត្តភ្នំរាប ក្រោយមានរឿងអធិករជាមួយស្រី។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥០៨/ ដ.ស.ស ចុះថ្ងៃទី៩ ខែតុលាឆ្នាំ២០២៥ របស់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានសម្រេចបើកការស៊ើបសួរលើឈ្មោះ សុត ដាវី ភេទប្រុស កើតថ្ងៃទី ០២ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអតីតព្រះសង្ឃ កម្រិតវប្បធម៌បរិញ្ញាបត្រ ទីកន្លែងកំណើត ភូមិអន្លង់ថ្ងាន់ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ទីលំនៅបច្ចុប្បន្នភូមិអន្លង់ថ្លាន់ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ បង្ខំឱ្យស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ប្រព្រឹត្តនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៤ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការរំលូតកូន និងបទ គំរាមកំហែងហែកកេរ្តិ៍ (បង្ហោះរូបភាព អាសអាភាស) ប្រព្រឹត្តនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៣៧២ ចំណុចទី២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
ហេតុដូច្នេះបង្កប់ ១-បញ្ហាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សុត ដាវី ភេទប្រុស កើតថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៨៧ ដែលមានអត្តសញ្ញាណដូចខាងលើទៅពន្ធនាគារខេត្តកំពត ដោយ អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ ។ ២-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តកំពត ទទួលយកជននេះ និងឃុំខ្លួនជននេះរហូតដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ ។ ៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះ ត្រូវសហការអនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


