រាជធានីភ្នំពេញ ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកវ និងកងកម្លាំងប្រដាប់អាវុធថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លីបំពាន ដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ទង្វើភាគីថៃលើកនេះ បានធ្វើឱ្យ មជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថៃមានវិចារណញ្ញាណមួយ ចំនួនផងនោះ កាន់តែមានក្តីតប់ប្រមល់ទុលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់ និងសិទ្ធិសញ្ញាអន្តរជាតិ ជាគំរូអាក្រក់ និងអន់ថយមួយដែលមិនគួរកើតមានក្នុងតំបន់អាស៊ាន និងពិភពលោក។
ទង្វើគឃ្លីនជាបន្តបន្ទាប់ឥតអៀនខ្មាសពីរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធ ចម្រុះថៃ ជាការរំលោភគោលការណ៍កម្មសិទ្ធិក្នុងនីតិអន្តរជាតិ ដែលច្បាប់តម្រូវរកឱ្យឃើញជាមុនសិនថា ជារបស់អ្នកណា។ ជាក់ស្តែងចំណុចរំលោភបំពាននោះ បានកំពុងស្ថិតក្រោមការកាន់កាប់ រស់នៅអាស្រ័យ ផល នៃពលរដ្ឋកម្ពុជាស្រស់ៗ តៗជំនាន់ តាំងពីកកើតសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ មកម្ល៉េះ។
អង្គហេតុបង្កើតដោយថ កំពុងរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍នីតិអន្តរជាតិ ស្ដីពី «ការកំណត់ព្រំដែនតាមអាណានិគមនិយម»។ គោលការណ៍នេះ បានផ្ដល់ឱ្យរដ្ឋភាគី ស្វែងរកចំណុចឯកភាព ក្នុងករណីនៅមានមន្ទិល តាមរយៈគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ។ តែផ្ទុយទៅវិញ ថៃធ្វើមិនយល់ និងមិនអនុវត្តតាមគោលការណ៍នីតិអន្តរជាតិនេះទេ គឺបង្កើតកំហុសម្ដងហើយម្ដងទៀត តាមរូបភាព មនុស្សព្រៃ អនុវត្តច្បាប់ព្រៃ យកច្បាប់អាជ្ញាសឹករបស់ថៃ មកអនុវត្តលើដែនអធិបតេយ្យរបស់កម្ពុជា។
យោងតាមលក្ខន្តិកទីក្រុងរ៉ូម (Rome Statute) នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សកម្មភាព ថៃ បានចូលក្នុងធាតុផ្សំ នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាអាទិ៍ ការធ្វើទុក្ខបុកម្នេញ ការរុញច្រាន បណ្ដេញចេញដោយបង្ខំ ដែលជាផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធទៅលើប្រជាជនស៊ីវិល។ ជាងនេះ ទៅទៀត ការដាក់ឱសានវាទ ការគំរាមចាប់ខ្លួន ការរារាំងមិនឱ្យអាស្រ័យផលលើដីធ្លី ការហ៊ុមព័ទ្ធយក ផ្ទះសំបែងកន្លងមក បូកទាំងការប្រើគ្រឿងចក្រឈូសឆាយ តាមវិធីសាស្ត្រយកច្បាប់អាជ្ញាសឹកថៃ អនុវត្តលើអធិបតេយ្យកម្ពុជា ទោះក្រោមហេតុផលណាក៏ដោយ គឺសុទ្ធតែជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពទាំងនេះ ជាការបំពានទាំងស្រុងលើសមត្ថកិច្ច គណៈកម្មការចម្រុះ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)។ លើពិភពលោកនេះ ការវាតទីម្នាក់ឯង រួច កំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់ គឺមិនអាចទទួលយកបានឡើយ ដែលនេះគឺជាឧក្រិដ្ឋកម្ម ឈ្លានពានយ៉ាងប្រាកដ។
ជាថ្មីម្ដងទៀត ក្រសួងមហាផ្ទៃថៃ រដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ដូចដែលមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិ បានឃើញយ៉ាង ច្បាស់ក្រឡែតជាបន្តបន្ទាប់ និងត្រូវតែមានស្មារតីភ្ញាក់រលឹកបោះបង់ចោលឱ្យអស់ទៅនូវរាល់ផែនការជា ប្រព័ន្ធ ដែលចង់តែបំផ្លិចបំផ្លាញបទឈប់បាញ់ដែលភាគីទាំងពីរ និងមិត្តភក្តិបរទេស បានចូលរួមបង្កើត ឡើងយ៉ាងលំបាក។ បញ្ឈប់ទៅ មហិច្ឆតាឈ្លានពានទឹកដីប្រទេសជិតខាង រួមទាំងការធ្វើទុក្ខបុកម្នេញលើ ពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែន! បញ្ឈប់ទៅ ភាពច្រំដែលនៃការព្យាយាមបង្វែរសាធារណមតិផ្ទៃក្នុង និងអន្តរជាតិ ចេញពីការកត់សម្គាល់លើភាពច្របូកច្របល់ និងបែកបាក់របស់ខ្លួន តាមរយៈការបង្កជម្លោះ ជាមួយប្រទេសជាប់ភូមិផង។
សូមអំពាវនាវសហគមន៍អន្តរជាតិ មិត្តក្នុងអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអនុវត្តតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាព គា្នទៅវិញទៅមករវាងកម្ពុជា និងថៃ។ ការរួមចំណែកនេះ មិនមែនមានកម្មវត្ថុជួយតែប្រទេសកម្ពុជាដែល ហែលឆ្លងកាត់សោកនាដកម្មនៃភ្លើងសង្គ្រាមដ៏កម្សត់ពីអតីតកាលនោះទេ ក៏ប៉ុន្តែក៏ដើម្បីបុព្វហេតុរួមន មនុស្សជាតិ គឺការចង់បាននិងថែរក្សាសន្តិភាព ស្ថិរភាព ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ស្របតាម គោលការណ៍សណ្ដាប់ធ្នាប់ពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី










