ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សានិងសម្របសម្រួលឱ្យវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងក្រុមហ៊ុនស្អាត ធ្វើការជាមួយគ្នាដើម្បីជំរុញការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកសិកម្មផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថាក្នុងនាមសមាជិកព្រឹកសភា ឯកឧត្តមគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងគ្រឹស្ថានសាធារណៈរដ្ឋបាល ក្នុងការងារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដើម្បីជំរុញភាពច្នៃប្រឌិតថ្មីៗ ដែលផ្ដល់ផលប្រយោជន៍ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាពិសេសការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់នៃ បច្ចេកវិទ្យាឌីជីថល ដែលជួយដល់កសិករយើងក្នុងការកែលម្អផលិតភាព កាត់បន្ថយការប្រើប្រាស់ធនធានលើសប្រមាណ និងបន្ថយការប៉ះពាល់ដល់បរិស្ថានជាអតិបរមា។
គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមបច្ចេកវិទ្យាដែលមានសក្តានុពលខ្ពស់ Drone កសិកម្ម មានគុណសម្បត្តិច្រើនយ៉ាងរួមមាន៖
- ការជួយស្ទង់មើលស្ថានភាពដំណាំ និងគ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងទឹកប្រកបដោយប្រសិទ្ធភាព
- ការកាត់បន្ថយពេលវេលា និងចំណេញកម្លាំងពលកម្ម និង
- ការជួយបង្កើនផលចំណេញ និងថែរក្សាបរិស្ថាន។
នៅក្នុងឱកាសនោះ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនស្អាត ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







