Saturday, October 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី

ឯកឧត្តមបណ្ឌិត រូសឺវ៉ែល ស្គីរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត រូសឺវ៉ែល ស្គីរីត បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬមុខរដ្ឋស្ដីទីនៃ ព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមបណ្ឌិត ស្ពឺរីត ដែលធ្វើឡើងស្របពេលនឹងការ ប្រារព្ធខួបដ៏សំខាន់លើកទី១៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង កុំមិនវែលដូមីនីក។
ឯកឧត្តមបណ្ឌិត រូសឺវ៉ែល ស្គីរីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ។ ឯកឧត្តមបណ្ឌិតបានកោតសរសើរចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយចក្ខុវិស័យរបស់សម្ដេចធិបតី កម្ពុជានឹងបន្តភាពរីកចម្រើន និងវិបុលភាពបន្ថែមទៀត ។

ក្នុងជំនួបពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមបណ្ឌិត ស្គីរឹត បានរំឭកអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិតវីន ហេនដឺសាន់ (Vince Henderson)រដ្ឋមន្ត្រីក្រសួងការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពលនៃកុំមិនវែលដូមីនីគ កាលពី
ថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៣ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានយល់ព្រមបន្តការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និង អន្តរជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ផងដែរ។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី កុំមិនវែលដូមីនីក បានប្រកាសគាំទ្របេក្ខភាពរបស់កម្ពុជា ជាសមាជិកនៃគណៈកម្មាធិការអន្តរដ្ឋាភិបាល នៃអង្គការយូណេស្កូ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី (ICS-ICH) សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣០ និងជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ឆ្នាំ ២០២៨-២០៣០។

ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្ដូរអនុស្សរណៈនៃការយោគយល់គ្នា
ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសកម្ពុជា និងកុំមិនវែល
ដូមីនីកនិងបានជំរុញឱ្យរៀបចំយន្តការនេះឱ្យបានឆាប់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យទាំងអស់ដែលមានសក្កានុពល។
ក្នុងជំនួបសម្តែងការគួរសមរបស់ឯកឧត្តមបណ្ឌិត រូសឺវ៉ែល ស្គីរីត នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្ដែងការពេញចិត្តចំពោះដំណើរ ទស្សនកិច្ចនេះ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាព និងកិច្ច សហប្រតិបត្តិការ។ សម្តេចតេជោ បានកោតសរសើរចំពោះសន្ទុះជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តការចូលរួម ដើម្បីរិះរកវិស័យថ្មីៗបន្ថែមទៀតសម្រាប់ កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនទាំងពីរ។ សម្តេចតេជោ បានលើក ទឹកចិត្តឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដោយបញ្ជាក់ជាថ្មីថាកម្ពុជាបានត្រៀម រួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកុំមិនដែលដូមីនីក ដើម្បីជំរុញផលប្រយោជន៍រួម។

ឯកឧត្តមបណ្ឌិត ស្គីរីត បានកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងសម្ដែងការពេញចិត្តចំពោះ សម្តេចតេជោ ដែលបានចែករំលែកការយល់ដឹង និងបទពិសោធន៍របស់ សម្តេច ក្នុងអំឡុងពេលន ជំនួបសម្តែងការគួរសមនេះ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវបំណងរបស់ រដ្ឋាភិបាលរបស់ ឯកឧត្តម ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំពោះស្ថានភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឯកឧត្តមបណ្ឌិត ស្ពឺរីត បានលើក ទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែននានាតាមរយៈមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។
ដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមបណ្ឌិត រូសឺរ៉ែល ស្គីរីត បានធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងកុំមិនដែល ដូមីនីក ដោយបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹងភាពជាដៃគូក្នុងឆ្នាំខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×