Sunday, October 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ អំពីការប្រើប្រាស់សំឡេងរំខាន បំភិតបំភ័យ និងយាយីផ្លូវចិត្ត របស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥បានដាក់បណ្តឹងជូនចំពោះ ឯកឧត្តម Volker Türk
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)
វិមានប្រជាជាតិ (Palais des Nations) CH-1211 ហ្សឺណែវ ១០ ប្រទេសស្វីស ក្នុងកម្មវត្ថុ៖ ញត្តិបន្ទាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមគោរពជម្រាប ឯកឧត្តម អំពី ការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និង ប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ បានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀល រហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្ត ចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣ និង ៥៣ នាទី ទាបភ្លឺ ដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។ សំឡេង ទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំងនិងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅ ក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និង បង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំង ជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះ មិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិទាំងអស់។

សកម្មភាពខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរនូវស្មារតីកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាង កម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង
បណ្តាលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមមាន៖

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អនុសញ្ញាស្តីពីសិទ្ធិកុមារ
អនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ
អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.ស.ម.ក. សូមគោរពស្នើសុំឯកឧត្តម៖
១. ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ បំពានច្បាប់សិទ្ធិមនុស្សនេះ។
២.អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា…
ពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អធ្រាត្រ។
៣. ធានាការការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរងគ្រោះ រួម ទាំងស្ត្រី កុមារ និងមនុស្សចាស់។
៤. លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីទប់ស្កាត់ការកើត ឡើងវិញនូវភាពតានតឹង … និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្តីពីបទ ឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ។

ជាមួយគ្នានេះ គ.ស.ម.ក. សូមគោរពអញ្ជើញ ឯកឧត្តម ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបាន ឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. នឹងធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់។

បេសកកម្មនេះ នឹងអនុញ្ញាតឱ្យ OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់ អំពីស្ថានភាពនៅក្នុងតំបន់នោះ និងចូលរួមក្នុងការការពារសិទ្ធិមនុស្សនិងគោលការណ៍មនុស្សធម៌នៅនឹងកន្លែង។
គ.ស.ម.ក. សូមគូសបញ្ជាក់ថា សកម្មភាពគំរាមកំហែង ការយាយី ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោក ចំពោះប្រជាជនកម្ពុជា គឺមិនអាចទទួលយកបានឡើយ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។
ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់ដោយឥតងាករេចំពោះសិទ្ធិមនុស្ស អធិបតេយ្យភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែសកម្មភាពដោយបំពាននិងយាយីមកលើប្រជាជន គឺមិនអាចលើកលែង ឱ្យបានឡើយ។
គ.ស.ម.ក. នៅតែប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងឯកឧត្តម ព្រមទាំងសហការី ឯកឧត្តម ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់រស់នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
×