សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់ទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុខសុវត្ថភាព ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ នេះ។
អញ្ជើញទទួលដំណើរអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅអាកាសយានអន្តរជាតិនាទីក្រុងប៉េកំាង មានថ្នាក់ដឹកនាំជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស និងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី។
នៅព្រលាយន្តហោះអន្តរជាតិទីក្រុងប៉េកាំង លោកស្រី ហ៊ូ វិន (Hun Wen) អគ្គនាយករងកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិនបានសម្តែងនូវកិច្ចស្វាគមន៌យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុតចំពោះសម្តេចប្រធាន និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចប្រធានក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្រ្តី ថាពិតជាមានសារៈ និងមានតម្លៃធំធេង។ លោកជំទាវក៏បានជម្រាបជូនសម្តេចប្រធានអំពីកម្មវិធីសំខាន់នានាដែលសភាតំណាងប្រជាជនចិនបានរៀបចំជូន ជូនសម្តេចរដ្ឋសភាធិបតី ក្នុងនោះមានការអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្តីពីស្រ្តី ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន និងការធ្វើបទសម្ភាសន៌ជាមួយទស្សនាវដ្តីសភាតំណាងប្រជាជនចិន ជាដើម។
ក្នុងឱកាសនោះដែរសម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការអរគុណចំពោះលោកជំទាវ ហ៊ូ វិន និងសហការីតំណាងឱ្យសភាតំណាងប្រជាជនចិនដែលបានអញ្ជើញមកទទួលស្វាគមន៌ និងបានរៀបចំកម្មវិធីយ៉ាងល្អ និងហ្មត់ចត់ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចរដ្ឋសភាធិបតីបានជម្រាបជូនលោកជំទាវ ហ៊ូ វិន ថា នៅពេលណាក៏ដោយ នៅពេលដែលសម្តេចបានមកប្រទេសចិន គឺតែងមានអារម្មណ៍ថា ដូចបានមកលេងផ្ទះបងប្អូន អញ្ចឹងដែរ ព្រោះប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនង និងចំណងមិត្តជាយូរលង់ ហើយទំនាក់ទំនងបានបន្តថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់។ សម្តេចរដ្ឋសភាធិបតីបានជម្រានជូនលោកជំទាវ ថា សម្តេចធ្លាប់បានមកចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលស្រ្តី លើកទី៤ នាឆ្នាំ១៩៩៥ ដែលនោះកិច្ចប្រជុំ បានអនុម័តនូវសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Declaration and Platform of Action) ដែលឯកសារនេះបានប្រើជាឯកសារគោលសកល ក្នុងការជំរុញឱ្យមានការកែទម្រង់ និងបានធ្វើឱ្យសមភាពយេនឌ័រ ក្លាយជាតម្លៃសកល និងអាទិភាព។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។
កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ដូចជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
ក្រោយពីអញ្ជើញដល់ទីក្រុងប៉េកំាង នៅរសៀលនេះ សម្តេចរដ្ឋសភាធិបតី និងជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Ms. Christine Arab)ប្រធានគណៈប្រតិភូ នៃអង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) អំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោក ស្តីពី ស្រ្តី (Global Leaders’ Meeting on Women) ផងដែរ៕
នៅរាត្រីថ្ងៃទី១១ ឆ្លងចូលថ្ងៃទី១២ ខែតុលាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន ដែលឹនងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។
កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
នៅក្នុងខណៈពេលនៃកិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃ សេចក្តីប្រកាសទីក្រុងប៉េកំាង សម្តេចប្រធានរដ្ឋសភា នឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុត និងមានទស្សនៈវែងឆ្ងាយ របស់សភាក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា ចាប់តំាងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជា ក្រោមពាក្សស្លោកថា ”ស្ត្រី គឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច”។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះ សម្តេចប្រធានរដ្ឋសភាមានគម្រោងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យមានពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ កសិកម្ម និងទេសចរណ៍ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី














