Sunday, October 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនាព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៥នេះ បានធ្វើពិធីបើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ” ដែលពិធីនេះធ្វើឡើង ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ អភិបាលរង តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើរជើងដែលជាតំបន់ទេសចរណ៍ថ្មីបំផុតនៅរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការចាប់ពីដើមខែកុម្ភៈ ឆ្នាំ ២០២៥ និងបានប្រសិទ្ធិនាមថា “ផ្លូវថ្មើរជើងចតុមុខ”។ ផ្លូវថ្មើរជើងចតុមុខ ទទួលបានការសាទរ និងគាំទ្រយ៉ាងផុសផុលពីសំណាក់បងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើឱ្យរាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ ២ ជាទីក្រុងសប្បាយភាពនាពេលរាត្រីល្អបំផុតទាំង ១៤ នៅលើពិភពលោក។

លោក ងី មានហេង បានបន្តថា៖ ដើម្បីចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះ មកប្រចាំការនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ព្រមទាំងបានចាត់ឱ្យក្រុមការងារផ្នែកគ្រប់គ្រងសុខភាព បរិស្ថាន និងគ្រោះមហន្តរាយចុះធ្វើការអប់រំអំពីអនាម័យ ចំណីអាហារដល់បងប្អូនអាជីវករជាអ្នកលក់ចំណីអាហារនៅតាមផ្លូវថ្មើជើងឱ្យគោរពតាមគោលការណ៍អនាម័យ សំខាន់ៗចំនួន៥ចំណុចរួមមាន៖ត្រូវរក្សាភាពស្អាត ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប និងស៊ុត ទុកដាក់អាហារក្នុងសីតុណ្ហភាពសុវត្ថិភាព និងត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលឆៅល្អ កុំឱ្យហួសសុពលភាព។ ការអនុវត្តគម្រោង ពង្រឹងវិធានការហាមជក់ ឬការបង្គុយផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ” មានគោលបំណងចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជា គោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតចេញពីផ្សែងបារី ឬផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិច ជាដើម។

 ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ គម្រោងផ្លូវថ្មើរជើងចតុមុខនេះ មិនត្រឹមតែទទួលបានការសាទរ និងគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះទេ គម្រោង នេះក៏ទទួលបាននូវការគាំទ្រ និងថ្លែងកោតសរសើរយ៉ាងខ្លាំងពីប្រមុខ រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយ សម្តេចបានលើកទឹកចិត្តដល់ បណ្តាខេត្តផ្សេងៗចូលរួមបង្កើនសោភ័ណភាព រៀបចំផ្លូវថ្មើរជើង ឬ ទីតាំងសប្បាយភាពតាមលទ្ធភាពដែលមាន ដើម្បីជាប្រយោជន៍ សាធារណៈឱ្យបានច្រើនដូចនៅរាជធានីភ្នំពេញផងដែរ។

ឯកឧត្ដម ហួត ហៃ បន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែយកចិត្ត ទុកដាក់ និងគិតគូរពីសុខសុវត្ថិភាព និងសុខមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមក ដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ជាពិសេស នៅលើផ្លូវថ្មើរជើង ចតុមុខរបស់យើង។គោលបំណងនៃគម្រោងនេះ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការចូលរួមការពារ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសុខភាពសាធារណៈដែល បណ្តាលមកពីការជក់បារី ឬផលិតផលថ្នាំជក់ ចូលរួមបង្កើននូវគុណភាព ជីវិត និងការចូលរួមធ្វើឱ្យបរិយាកាសបរិសុទ្ធ ស្រស់ស្រាយ អនាម័យ បរិស្ថានល្អ ដែលជាចំណែកធ្វើឱ្យផ្លូវថ្មើរជើងរបស់យើងកាន់តែមាន ភាពទាក់ទាញ និងគាំទ្របន្ថែមទៀតពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ឯកឧត្ដម ហួត ហៃ បញ្ជាក់ថា៖ យុទ្ធនាការ ផ្សព្វផ្សាយរបស់យើងនឹងផ្តើមធ្វើចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយក្នុងនោះយើងនឹងធ្វើក្នុងរយៈពេល២សប្តាហ៍/ ម្តង ឬ២ដង/១ខែ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×