ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ២០២៥។
I.នៅថ្ងៃទី ១១ តុលា ឆ្នាំ ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើ លិខិតតវ៉ាផ្លូវការទូតទៅកាន់ភាគីថៃ អំពីការប្រឆាំងរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការ ដែលកងទ័ពថៃ មានផែនការអនុវត្តប្រតិបត្តិការបោសសំអាតគ្រាប់មីនជាឯកតោភាគី នៅ ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងដែនដី កម្ពុជា នៅថ្ងៃទី ១០ តុលា ឆ្នាំ ២០២៥។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុកសកម្មភាពនៃការអនុវត្ត ប្រតិបត្តិការបោសសំអាតមីន នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ថាជាការបំពានដោយផ្ទាល់ របស់គណៈកម្មាធិការព្រំដែនទូទៅនិងមិនស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១(GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០២៥ ដែលក្នុងឱកាសនោះ ភាគីទាំងពីរ បានយល់ព្រមបង្កើតក្រុមការងារសម្របសម្រួលរួម (JCTF) ដែលមានការចូលរួមពីអង្គភាព មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពមីនប្រទេសថៃ (TMAC)។
រាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ និងរឹងមាំរបស់ខ្លួន ក្នុង ការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនទាំងអស់ជាមួយប្រទេសថៃ ដូច ដែល បានអនុវត្តជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ខណៈ ដែលនៅតែមានឆន្ទៈមុះមុតក្នុងការរក្សាគោលជំហរជាគោលការណ៍ ថាព្រំដែនមិនអាចត្រូវ
បានផ្លាស់ប្តូរដោយកម្លាំងបានឡើយ។
II.តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅក្នុងសម័យប្រជុំលើកទី៧៦ នៃគណៈ កម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥, ទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ បានគូសបញ្ជាក់ថា “…រ ឈ្លានពានដោយប្រើកម្លាំងប្រដាប់អាវុធពីប្រទេសថៃបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនត្រូវ ជម្លៀសចេញពីលំនៅដ្ឋាន លំនៅដ្ឋាន និងវត្តអារាមត្រូវបានបំផ្លាញ ហើយធ្វើឱ្យសហគមន៍ ដែលធ្លាប់តែមានសន្តិភាពប្រែជាស្ងាត់ជ្រងំ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតគឺ ការ គំរាមកំហែងបណេ្តញចេញដោយបង្ខំដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានរស់នៅជាច្រើន ជំនាន់ក្រោមការគ្រប់គ្រងរបស់កម្ពុជា។ យុទ្ធនាការនេះបានបន្តធ្វើឡើងក្រោមលេសច្បាប់
ផ្ទៃក្នុងរបស់ប្រទេសថៃ ដែលបំពានច្បាប់អន្តរជាតិ និងមិនគោរពទៅតាមស្មារតីនៃកិច្ចព្រម ព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។
ទង្វើបែបនេះមិនមែនជាឧប្បត្តិហេតុព្រំដែនធម្មតានោះទេ ប៉ុន្តែជាការបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ និងអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ដែលហាមឃាត់ការផ្ទេរជនស៊ីវិលដោយបង្ខំ ការបំផ្លិចបំផ្លាញឬរឹបអូសទ្រព្យសម្បត្តិ និងការដាក់ទណ្ឌកម្មជនស៊ីវិលជារួម។ សកម្មភាពទាំង នេះ ក៏ផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងយោគយល់ទ្វេភាគី ក្នុងគោលបំណងថែរក្សាសន្តិភាព និងស្ថិរភាពតាមបណ្ដោយព្រំដែនផងដែរ។
ចំនួនមនុស្សដែលរងផលប៉ះពាល់មានភាពធ្ងន់ធ្ងរ។
គ្រួសារជាច្រើនត្រូវរត់ភៀសខ្លួន ដោយសារភាពភ័យខ្លាច ការប្រកបរបរចិញ្ចឹមជីវិតត្រូវបានបាត់បង់ក្នុងរយៈពេលដ៏ខ្លី ព្រះសង្ឃត្រូវបោះបង់ទីសក្ការៈដែលធ្លាប់បម្រើសាសនា គ្រូបង្រៀន និងកុមារត្រូវបោះបង់ ការបង្រៀន និងការសិក្សារៀនសូត្រ។ ភូមិដែលធ្លាប់រស់នៅយ៉ាងសុខដុមអស់រយៈ ពេលជាច្រើនទសវត្សរ៍ក្រោមការគ្រប់គ្រងថែរក្សារបស់កម្ពុជា ឥឡូវនេះក្លាយជាកន្លែង គ្មានមនុស្សនៅ ដែលនេះក្រើនរំលឹកយើងថា នៅពេល ដែលច្បាប់ត្រូវបានបំពាន ទុក្ខវេទនា កាន់តែកើនច្រើនឡើងជាលំដាប់។”
III. អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា — នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែង ការណ៍ពិសេសថ្កោលទោសសកម្មភាពបង្កហេតុដោយកងកម្លាំងថៃ កាលពីព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ ដែលកងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំង ឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្ពុជាប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាព ទឹកដីកម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែល មិនអាចទទួលយកបាន ជាពិសេសការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យជាតិកម្ពុជា។ សេចក្តីថ្លែងការណ៍ ក៏បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សា ទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតី នៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និង គោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់ មនុស្សធម៌អន្តរជាតិជាធរមាន។
IV.សេចក្ដីថ្លែងការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ— នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០:៣០នាទីព្រឹក កងកម្លាំងយោធាចម្រុះ បានរំលោភបំពានមកលើដែន អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើគ្រឿងចក្រឈូសឆាយដី រួចធ្វើ សកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ស្ថិតនៅភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជា អំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាង គឃ្លីនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។
V.នៅថ្ងៃទី១០ និង១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្ដែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយ ការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត បានចុះទៅបំពេញភារកិច្ចនៅ ទីកន្លែងដែលភាគីថ កំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីនដោយ ក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួន ២លើក គឺ៖ លើកទី១៖ នៅវេលាម៉ោង ១១:០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣:៥៥នាទីរសៀល។ ចាប់តាំងពីព្រឹក ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅតែបន្តតាមដានដោយយកចិត្ត ទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការ ធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ បើយោងតាមផែនការ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដាន សភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិខាងលើនេះ។
VI.គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃទី ៧៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានយោធាថៃចាប់ឃុំខ្លួន ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយសុខសុវត្ថិភាព គ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







