ខេត្តត្បូងឃ្មុំ: ក្រោយពីមានការបង្ហោះលើបណ្ដាញសង្គមសង្ស័យចាប់មនុស្សដាក់លើរថយន្តនៅក្បាលស្ពានទន្លេបិទស្រុកត្បូងឃ្មុំ ត្រូវបានគេចែកចាយព្រងព្រាត។ជាមួយនោះក្រោមកិច្ចសហការរវាងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំជាមួយនិងខេត្តបន្ទាយមានជ័យ បានតាមប្រមាញ់រថយន្តមួយគ្រឿងម៉ាកអាល់ហ្វាត ដែលសង្ស័យចាប់មនុស្សដាក់រថយន្តនៅចំណុចក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងកើតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន។ទីបំផុតរថយន្តនេះបានបើកកិច្ចឆ្លងពីខេត្តមួយទៅខេត្តមួយរហូតដល់ខេត្តជាយដែនជាប់ថៃទើបប្រមាញ់ស្ទាក់ចាប់រថយន្តនោះបានដោយរំដោះអ្នករងគ្រោះម្នាក់នឹងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំវិញជាម្ចាស់ករណី។
តាមសមត្ថកិច្ចមូលដ្ឋានលើកឡើងថា:ដំបូងរថយន្តមួយគ្រឿងនេះមិនបានដឹងបើកចេញពីគោលដៅណាមួយនោះទេនោះមកដល់ចំណុចឃុំទន្លេបិទ ស្រាប់តែរថយន្តបែកកង់ ពេលចូលជាងដូរកង់ស្រាប់តែមានគេបើកទ្វាររថយន្តក៏ឃើញសកម្មភាពប្រទាញប្រទង់សង្ស័យចាប់មនុស្សហើយត្រូវបានប្រជាពលរដ្ឋឃើញថតតាមទូរសព្ទបង្ហោះលើបណ្ដាញសង្គម ក៏ភ្ញាក់ផ្អើលដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិត ចេញមកដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តដើម្បីអន្តរាគមន៍ក្នុងករណីនេះ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាបន្ទាប់មកលោកអធិការនគរបាលស្រុកត្បូងឃ្មុំបានដឹកនាំកម្លាំងជំនាញចុះសួរនាំសាក្សីកន្លែងកើតហេតុ ។ជាមួយនោះលោកឧត្តមសេនីយ៍ត្រីចក់ សុខកៅស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងតាមគោលដៅតាមឃ្លាំមើលរថយន្តដែលសង្ស័យដោយបើកកិច្ចប្រតិបត្តិការពន្លាបដែនដីពីខេត្តមួយទៅខេត្តមួយក្នុងការតាមរករថយន្តដែលសង្ស័យចាប់អ្នករងគ្រោះ។គួររំលឹកថាកាលពីថ្ងៃទី១០តុលា ឆ្នាំ២០២៥ វេលាម៉ោង៥និង៣៥នាទីល្ងាច កម្លាំងជំនាញទទួលព័ត៌មានថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត១គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 2CF.1922 នៅត្រង់ចំណុចកន្លែងប៉ះកង់រថយន្ត ភូមិទន្លបិទ ឃុំទន្លបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ និងមានការសហការពីកម្លាំងជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះដល់កន្លែងកេីតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់។
មកដល់ពេលនេះកម្លាំងជំនាញបានទទួលព័ត៌មានមកថា រថយន្ត១គ្រឿងនេះបានដឹកជនរងគ្រោះឆ្ពោះទៅ ខេត្តបន្ទាយមានជ័យ។ រហូតដល់ម៉ោង១១និង១៧នាទីយប់ ថ្ងៃខែឆ្នាំដដែល(១០តុលា ) សមត្ថកិច្ចជំនាញនៃធិការដ្ឋាននគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់រថយន្តដែលដឹកជនរងគ្រោះបាននៅចំនុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រាស នៃអធិការដ្ឋានមគរបាលស្រុកស្វាយចេក រួមជាមូយមនុស្ស៥នាក់ ជនរងគ្រោះម្នាក់និងជនសង្ស័យ៤នាក់ដែលមានឈ្មោះដូចខាងក្រោម÷
ជនរងគ្រោះ១. ឈ្មោះ Chen Noeuysinភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិន (ជនរងគ្រោះ) ។
ចំនែកជនសង្ស័យមាន÷
១. ឈ្មោះ ចយ សាទី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (អ្នកបើកបរ)
២. ឈ្មោះ ធី ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ។
៣. ឈ្មោះ រ៉ម សិរីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្មាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃកុប សង្កាត់ផ្សារអូរទស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៤. ឈ្មោះ ឆុន សុភិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែររ ស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃ ស្នងកាដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយសមត្ថកិច្ចជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលយកជនសង្ស័យ និងវត្ថុតាងបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












