ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ធុរជន និង សាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តនីតិវិធីក្នុងនាមជា នគរបាលយុត្តិធម៌ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កក របស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ៤ សង្កាត់ច្រាំង ចំរោះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបណ្ដឹងសាធារណៈតាមរយៈបណ្ដាញសង្គម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាន អនុវត្តតាមគោលការណ៍វិជ្ជាជីវៈ ដូចតទៅ៖
១. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីធ្វើតេស្តបឋមជាក់ស្ដែងនៅនឹងកន្លែង ទៅលើសំណាកគំរូដែលបាន ជ្រើសរើសដោយចៃដន្យ ចេញពីឡូតិ៍ទំនិញនីមួយៗ ដែលមានចំនួនសរុប ១៥សំណាកគំរូ ស្វែងរកសារធាតុគីមីហាមឃាត់ (ហ្វ័រម៉ាលីន – Formalin) ដែលប្រើប្រាស់ក្នុងម្ហូបអាហារ ដើម្បីរក្សាទុកឱ្យបានយូរ។ ជាលទ្ធផល ពុំមានរកឃើញសញ្ញណ នៃសារធាតុគីមីហាមឃាត់នេះទេ។
២. ជាមួយគ្នានេះដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវាយតម្លៃអនុលោមភាព មន្ត្រីជំនាញបានដកយកសំណាក គំរូចំនួន ១៥ បន្ថែមទៀត ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារបស់អគ្គនាយកដ្ឋាន ក.ប.ប. លេខ ៦៤៣ អ.កបប ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បញ្ជូនមកមន្ទីរពិសោធន៍កណ្តាលរបស់អគ្គនាយកដ្ឋាន ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ មានដូចជា Coagulase-positive Staphylococci, Salmonella spp., Total Plate Count និងសំណល់ថ្នាំបសុពេទ្យ (Antibiotic Residues)។ ជាលទ្ធផល ពុំមានរកឃើញប៉ារ៉ាមែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ។
សូមជម្រាបថា ការពិសោធន៍ប៉ារ៉ាមែត្រផ្នែកមីក្រូជីវសាស្ត្រ និងការវិភាគសំណល់ថ្នាំបសុពេទ្យ ដូចបានរៀបរាប់ពី ខាងលើ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានការគាំទ្រពីមន្ទីរពិសោធន៍យោងអាស៊ាន(ASEAN Food Reference Laboratory) និងមន្ទីរពិសោធន៍ជប៉ុន ផ្នែកបច្ចេកទេស និងវិធីសាស្ត្រវិភាគ។ ដោយយោងទៅលើលទ្ធផល វិភាគពាក់ព័ន្ធនឹងសំណាកគំរូផលិតផលសាច់បង្កកខាងលើបង្ហាញថាផលិតផលទំនិញទាំងនេះមានអនុលោមភាព
ស្របតាមបទបញ្ញត្តិបច្ចេកទេស ស្តីពីអនាម័យម្ហូបអាហារសម្រាប់មនុស្ស និងស្តង់ដាកូដិច។
លទ្ធផលវិភាគទាំងនេះ ត្រូវបានប្រគល់ជូនក្រុមការងារចម្រុះដែលមានសមាសភាពដូចខាងលើ ដើម្បីចាត់នីតិវិធី បន្ត។ អគ្គនាយកដ្ឋាន ក.ប.ប. ផ្អែកលើបច្ចេកទេសវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់ ប្រកបដោយស្មារតីទទួល ខុសត្រូវ ចំពោះលទ្ធផលទទួលបានទាំងនេះ និងសូមស្វាគមន៍រាល់ការផ្ទៀងផ្ទាត់នានា ពីមន្ទីរពិសោធន៍ដែលទទួលបាន ការវាយតម្លៃទទួលស្គាល់ផ្លូវការ (Accredited)៕ រក្សាសិទ្ធដោយ៖សុទ្ធលី



















