Wednesday, October 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបញ្ជាក់ថា ទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ កំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អ

ភ្នំពេញ : ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា៕

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×