ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ មន្ត្រីបក្សមូលដ្ឋានទាំងអស់ ប្រឹងប្រែងបំពេញការងារបក្សឱ្យបានទ្វេដង ដោយត្រូវត្រៀមគ្រប់ជំហាន គ្រប់វិធីសាស្ត្រ ស្របទៅតាមច្បាប់ ដើម្បីយកជ័យជំនះត្រូវតែកើនសំឡេងនៅក្នុងការបោះឆ្នោតឆ្នាំ២០២៧និង២០២៨ខាងមុខនេះ។
ការណែនាំបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់វាលវង់និងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ នៅពេលមានការប៉ះទង្គិចគ្នាជាមួយថៃ មានបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ យកថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់វីរកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។ សកម្មភាពរបស់ សប្បុរសជន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញក្នុងការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគខាងលើនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលរបស់យើង ខ្វះខាតថវិកា និងស្បៀងអាហារសំរាប់កងទ័ពនោះទេ តែវាជាការ បង្ហាញឱ្យឃើញពីការរួមសាមគ្គីគ្នាជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ ។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនះរហូតមក។ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតផ្លូកទឹកផ្លូកដី។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖មន្ត្រីគណបក្សប្រជាជនកម្ពុជា អ្វីដែលយើងត្រូវធ្វើ គឺបំរើប្រជាពលរដ្ឋនិងដើម្បីផលប្រយោជន៍ក្មេងជំនន់ក្រោយ។ ដូច្នេះយើងត្រូវធ្វើការងាររួមគ្នា ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។
ក្នុងឱកាសនោះ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះក៏បាន លើកឡើងពីសន្តិអារម្មណ៍និងសកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយពួកគាត់ធ្វើពហិការ មិនប្រើប្រាស់របស់របរថៃ ជាមួយនិងការ
ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមនេះ ដែលឈ្លានពានទឹកដីកម្ពុជា ជាមួយនិងការធ្វើសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕រក្សាសិទ្ធដោយ៖សុទ្ធលី







