ខេត្តកំពង់ចាម: នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជមាតាឯករាជ្យបូរណៈភាពទឹកដីនិងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋយាងសោយទីវង្គតគម្រប់១៣ ព្រះវស្សា។ ជាមួយនោះមានការអញ្ជើញចូលរួមពីខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងស្ថាប័នមន្ទីរជុំវិញខេត្ត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានថ្លែងឲ្យដឹងថា: ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានយាងចូលទីវង្គតកាលពីថ្ងៃទី១៥តុលាឆ្នាំ ២០១២កន្លងទៅ។ការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយព្រះអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជកម្មភាពដើម្បីបុព្វហេតុឯករាជាតិបូរណៈភាពទឹកដីផ្សះផ្សារជាតិ បង្រួបបង្រួមជាតិនិងការអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីជាការតបស្នងនៅព្រះមហាករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុងឧត្តមវិសេសវិសាលរបស់ព្រះអង្គ។ចំពោះស្នាព្រះហស្ថរបស់ព្រះអង្គនៅក្នុងអំឡុងឆ្នាំ៩៦១ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានបំពេញព្រះរាជបេសកម្មនយោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរមកវិញពីប្រទេសថៃដោយតុលាការទីក្រុងឡាអេ បានសម្រេចប្រគល់មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ១៩៦២។ ក្នុងសម័យសង្គមរាស្ត្រខ្មែរបានថ្វាយព្រះនាមព្រះអង្គថាព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។នៅឆ្នាំ៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















