ភ្នំពេញ៖វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យតំបន់អាស៊ីAUPF ប្រចាំឆ្នាំលើកទី១៦ បានប្រារព្ធធ្វើឡើងនៅប្រទេសហ្វីលីពីន មានការចូលរួមពីសាកលវិទ្យាល័យធំៗចំនួន៦៨ មកពីប្រទេស កម្ពុជា ហ្វីលីពីន ជប៉ុន អង់គ្លេស ថៃ បង់ក្លាដែស ចិន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ូឡូញ តៃវ៉ាន់ និងឥណ្ឌាជាដើម ដែលសាកលវិទ្យាល័យ Philippines Normal University (PNU) ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ។
វេទិកាប្រចាំឆ្នាំលើកទី១៦នេះ ប្រតិភូសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS បានចូលរួមក្នុងវេទិកា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ តំបន់អាស៊ី (Asian University Presidents Forum, AUPF) នៅសណ្ឋាគារដួស៊ីតថានី(Dusit Thani Hotel) នាទីក្រុងMANILA ប្រទេសហ្វីលីពីន បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមប្រធានបទ “នវានុវត្តន៍ និងការរំពឹងទុក៖ ដំណោះស្រាយវិស័យអប់រំដើម្បីពិភពលោកមួយឲ្យកាន់តែល្អប្រសើរ (Innovation and Foresight: Education Solutions for a Better World)” ដែលដឹកនាំដោយ លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS បានថ្លែងថា វេទិកាប្រចាំឆ្នាំលើកទី១៦នេះ មានគណៈប្រតិភូនិងវាគ្មិននានា បានធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា លើប្រធានបទរណប សំខាន់ៗមួយចំនួន រួមមានដូចជា ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា ដំណោះស្រាយទៅលើការបង្រៀន និងការរៀន ព្រមទាំងប្រធានបទរណបចុងក្រោយគឺ ដំណោះស្រាយស្តីពីគោលការណ៍អភិបាលកិច្ចនៃការអប់រំ (Technology Solutions, Teaching and Learning Solutions, Governance and Policy Solutions)។
លោកបណ្ឌិត សឿ យ៉ាន បានបន្តថា ជាលទ្ធផលប្រតិភូ ទទួលបានផ្លែផ្កាធំធេង ពីអង្គវេទិកា តាមរយៈការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ជារួម និងដោយឡែកជាមួយប្រតិភូ បណ្តាសាកលវិទ្យាល័យដៃគូទាំងនោះ និងបានចុះអនុស្សរណៈយោគយល់ សហប្រតិបត្តិការ ជាមួយដៃគូថ្មីៗ មួយចំនួនបន្ថែមទៀត។ បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មាន៨ទីតាំង គឺ២ទីតាំង នៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅតាមបណ្តាខេត្ត រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួន ៣១.៨២៦នាក់ និងនិស្សិតកំពុងសិក្សាកើនឡើង ដល់ប្រមាណ ១៦.០០០ នាក់ នាបវេសនកាលថ្មីខាងមុខនេះ។ ដោយទទួលបានការគាំទ្រពីសំណាក់អ្នកសិក្សា ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹងគុណភាពពីមួយថ្ងៃទៅមួយថ្ងៃ និងអនុវត្តដោយច្បាស់លាស់នូវប្រព័ន្ធគ្រប់គ្រងគុណភាពអប់រំសំដៅធ្វើឲ្យសម្រេចនូវ បេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណៈល្អប្រពៃ ដោយឈរលើមូលដ្ឋានដ៏រឹងមាំទាំងនេះទើប សាកលវិទ្យាល័យបន្តទទួលបានកំណើនអត្រាចុះឈ្មោះចូលរៀននិស្សិតថ្មីជាង៤១% ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ។ ជាពិសេសព្រឹត្តិការណ៍ ដ៏មានសារសំខាន់នាពេលថ្មីៗ កន្លងទៅនេះ ក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ជ័យលាភីចំនួន ៥.៨០៨ នាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖កូឡាប