តាកែវ ៖ នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវដែលដឹកនាំដោយឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី អ៊ិនដាសស្រ្ទី(PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលានេះ។
លោកបានលើកឡើងថា សំណូមពររបស់បងប្អូនកម្មករនិយោជិត និងកង្វល់របស់និយោជក គឺជាការគិតគូរជាអាទិភាពរបស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការធានា និងរក្សាបាននូវសុខដុមនីយកម្មនៅក្នុងសហគ្រាសរវាងនិយោជិត និងនិយោជកដែលជាការចង់បានរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អ្នកនាំពាក្យដដែលរូបនេះ អំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងនិយោជកបន្តជឿជាក់លើការដោះស្រាយ និងសម្របសម្រួលរបស់ក្រសួងការងារក្នុងនាមជាអាណាព្យាបាល៕
សូមរំលឹកថា នៅថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០២៥ មានបងប្អូនកម្មករ កម្មការិនី ប្រមាណ ៧០០នាក់ បម្រើការងារ រោងចក្រផលិតកាបូប ភីវី បានធ្វើការបិទផ្លូវជាតិ ២ ស្ថិតនៅភូមិសាស្រ្ត ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រយៈពេល ១៥នាទី បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បងប្អូនកម្មករ កម្មការនី ក៏សម្រេចបើកចរាចរណ៍ ឡើងវិញ នឹងរងចាំដោះស្រាយគ្នាតាមសន្តិវិធី ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញរបស់ក្រសួងការងារ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី ដើម្បីឈានទៅរកដំណោះស្រាយសមស្របបញ្ចប់ការតវ៉ា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







