ភ្នំពេញ៖ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធររាជធានីមានវិធានការចំពោះកសិដ្ឋានចិញ្ចឹមមាន់និងរោងចក្រស្បែកគោនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ពិបាកក្នុងការរស់នៅប្រចាំថ្ងៃ។
ការស្នើឡើងបែបនេះរបស់បងប្អូនប្រជាពលរដ្ឋបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨វិច្ឆិកា នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីបាននឹងកំពុងធ្វើឡើងនៅក្នុងបរិវេណវត្តចំពុះក្អែក សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី លោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញ និងលោកស្រីសុភ័ក្រ ថាវី អនុប្រធានការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌច្បារអំពៅព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា កសិដ្ឋានចិញ្ចឹមមាន់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី បានធ្វើឲ្យជះក្លិនស្អុយអាចម៌មាន់ ពេញភូមិនបង្កឲ្យមានរុយក្បាលខៀវច្រើន ប៉ះពាល់បរិស្ថាន ពិបាកក្នុងការរស់នៅ ហើយជាពិសេសក្នុងពិសារអាហារតែម្តង។ ដូច្នេះពួកគាត់ស្នើឲ្យមានការផ្លាស់ប្តូរទីតាំងកសិដ្ឋាននេះយកទៅក្រៅឲ្យឆ្ងាយពីទីប្រជុំជន ឬធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវក្លិនស្អុយទាំងនេះផង។ ប្រជាពលរដ្ឋនៅភូមិចំពុះក្អែក១ដដែល ក៏បានស្នើឲ្យអាជ្ញាធរជួយមានវិធានការលើ រោងចក្រស្បែកគោ នៅក្នុងភូមិចំពុះក្អែក១នេះផងដែរ ដែលជះក្លិនស្អុយពេញភូមិរបស់ពួកគាត់ ពិបាកទ្រាំ។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា បញ្ហាកសិដ្ឋាន លោកសុខ ហេង នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី កាលពីមុននៅខេត្តកណ្តាល ហើយកាលណោះ ខាងម្ចាស់កសិដ្ឋានបានសុំច្បាប់ ដោយមានស្នាមមេដៃឯកភាពពីអ្នកជិតខាងផងដែរ ក្រោយមកទីតាំងនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចូលក្រុងភ្នំពេញ ដែលធ្វើឲ្យមានមនុស្សរស់នៅកើនឡើង កាន់តែច្រើន និងបានធ្វើឲ្យមានក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកបានបន្តថា ចំពោះការស្នើ សុំអន្តរាគមន៍ពីប្រជាពលរដ្ឋ លោកនឹងចុះទៅមើលបន្ទាន់ ដើម្បីដោះស្រាយ ហើយរឿងរោងចក្រស្បែគោ ដែលធ្វើឲ្យប៉ះពាល់បរិស្ថាននោះ លោកក៏នឹងចុះទៅមើលដើម្បីដោះស្រាយជាបន្ទាន់ផងដែរ តាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
លើបញ្ហាប្រឈមនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានី ក៏បានជំរុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ ទាំងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវរួមគ្នាចុះពិនិត្យ ទាំងលើបញ្ហាបច្ចេកទេស និងច្បាប់អនុញ្ញាតិ ដើម្បីឲ្យប្រជាពលរដ្ឋអស់កង្វល់លើបញ្ហានេះ ដោយហេតុថា បញ្ហាក្លិនស្អុយ បង្កើតឲ្យរុយក្បាលខៀវ ធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលយើងដាច់ខាតត្រូវតែដោះស្រាយឲ្យបាន ឲ្យលឿន និងមានតម្លាភាព៕ ដោយ៖កូឡាប