តុលាការនៅក្នុងប្រទេសចិនបានកាត់ទោសសកម្មជនតៃវ៉ាន់ម្នាក់ឲ្យជាប់គុករយៈពេល ៥ឆ្នាំពីបទធ្វើការប៉ះបោរប្រឆាំងនឹងរដ្ឋអំណាច (វិទ្ធង្សនា)។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅរសៀលថ្ងៃអង្គារ ទី ២៨នេះ។
លោក Lee Ming-che ត្រូវបានគេកាត់ទោសកាលពីខែកញ្ញា ពីបទប៉ុនប៉ងផ្សព្វផ្សាយរបបលទ្ធិប្រជាធិបតីសេរីពហុបក្ស នៅក្នុងការសន្ទនាឆ្លើយឆ្លងជាក្រុម។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានរីះគន់យ៉ាងខ្លាំងទៅនឹងការកាត់ទោសរបស់តុលាការចិនលើប្រជាជនរបស់ខ្លួន ដោយលើកឡើងថា “ពួកយើងមិនអាចទទួលយកវាបានទេ”។
ករណីនេះដំបូងឡើងចាប់ផ្តើមមានការជ្រួលច្របល់ក្នុងខែមិនា នៅពេលដែលសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាច្រើននាក់បានបាត់ខ្លួនដោយអាថ៌កំបាំង ខណៈពួកគេបានធ្វើដំណើរទៅកាន់ប្រទេសចិន។
អាជ្ញាធរចិន ក្រោយមកបានបញ្ជាក់ថា ពួកគេទាំងនោះត្រូវបានឃុំខ្លួនដោយអាជ្ញាធរពីបទសង្ស័យ ធ្វើការប៉ះបោរប្រឆាំងរដ្ឋអំណាច។
លោក Lee Ming-che លេចមុខក្នុងតុលាការកាលពីខែកញ្ញា ក្នុងខេត្តហូណាន ប្រទេសចិន។ គាត់ត្រូវបានចោទប្រកាន់ពីបទធ្វើកិច្ចការជាមួយនឹងជនជាតិចិនម្នាក់ ក្នុងការផ្សព្វផ្សាយ និងបង្ហោះការបញ្ចេញមតិដែលវាយប្រហារលើរដ្ឋាភិបាលចិន និងផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យលើបណ្តាលសង្គម និងវេទិការផ្ញើសារ។
ក្រុមគ្រួសារ និងអ្នកធ្វើការងារជាមួយនឹងលោក Lee បាននិយាយថា គាត់មិនបានធ្វើអ្វីខុសនោះទេ គាត់គ្រាន់តែចែករំលែកនូវអ្វីដែលគាត់មានបទពិសោធន៍ជាសកម្មជន។
នៅក្នុងសេចក្តីថ្លែងការនៅថ្ងៃអង្គារនេះដែរ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីង វិន (Tsai Ing-wen) បានស្នើជាថ្មីម្តងទៀតឲ្យមានការដោះលែងលោក Lee ហើយបានលើកឡើងថា តៃវ៉ាន់មិនអាចទទួលយកការកាត់ទោសនោះទេ ហើយការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យគឺគ្មានកំហុសនោះទេ៕ ដោយ ៖ សុភ័ក្ត្រ