ទីក្រុងប៉ារីស ៖ សុន្ទរកថាទាំងស្រុង របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ស្តីពី «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈ ដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក»។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ដែលបានរៀបចំកិច្ច ពិភាក្សាតុមូលដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្លាស់ប្តូរទស្សនៈ ដោយភាពស្មោះត្រង់ និងបើកចំហរ លើបញ្ហាប្រឈមដ៏សំខាន់បំផុត ដែលយើងកំពុងជួបប្រទះ ក្រោមប្រធាន បទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈ ដែលសណ្ដាប់ធ្នាប់ ពិភពលោកមានការបែកខ្ញែក»។ ប្រធានបទនេះពិតជាមានភាពលំបាក និងស្មុគស្មាញ ក្នុងការដោះស្រាយ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ក្រោយសង្គ្រាមត្រជាក់ រំពឹងទុកនៃសណ្ដាប់ធ្នាប់អន្តរជាតិដោយមានកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដោយសារតែការប្រជែងគ្នារវាងមហាអំណាចមានការដុនដាបយ៉ាងខ្លាំង ការបែកខ្ញែកផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច និងការលេចឡើងនូវ ការបែកបាក់គ្នាកាន់តែខ្លាំង។
ខណៈពេលដែលពិភពលោករបស់យើងបច្ចុប្បន្នកាន់តែមានភាពប្រទាក់ក្រឡាគ្នា ប៉ុន្តែ មានការបែងចែកនយោបាយ ការប្រឈមពិតប្រាកដរបស់យើងនោះ មិនមែនការជ្រើស រើសរវាងអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែចំណុចសំខាន់នោះគឺត្រូវ កំណត់ថា តើអធិបតយ្យភាពរបស់ខ្លួនអាចរក្សា និងលើកកម្ពស់បានដោយរបៀបណាតាមរយៈកិច្ចសហប្រតិបត្តិការ។
ក្នុងកាលៈទេសៈដែលសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកំពុងវិវឌ្ឍ និងបែកខ្ញែក យើងត្រូវ រក្សាការពារអធិបតេយ្យរបស់ខ្លួនប្រកបដោយគតិបណ្ឌិត ផ្អែកលើច្បាប់អន្តរជាតិ ស្របតាមគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងផ្ដោតលើសុខមាលភាពរបស់ប្រជា ជនយើង ដោយការប្រកាន់ខ្ជាប់នូវអភិក្រមយកប្រជាជនជាស្នូល (people-centeredapproach) ។
សម្តេចបានថ្លែងបន្តទៀតថា ដូចកិច្ចពិភាក្សាទាំងមូលដឹងហើយថា កម្ពុជា-ថៃបានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយ មានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិ ភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវ ជម្លោះនាពេលបច្ចុប្បន្ន ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាន នូវសន្តិភាពយូរអង្វែង សុខុដុមរមនា និងវិបុលភាពរួម។
គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៍ដែលកម្ពុជា បានប្ដេជ្ញាចិត្តដោយមោះមុត។ ទោះបីជាវាលំបាក ឬសាំញ៉ាំប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវ តែដោះស្រាយតាមមធ្យោបាយដោយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និង ច្បាប់អន្តរជាតិ ដែលមានជាធរមាន។
ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ដែលកំពុងបែកខ្ញែក យើងចាំបាច់ត្រូវប្រកាន់យកនូវ អភិក្រមនិយមកណ្តាល ដោយផ្អែកលើប្រជាជន ព្រមទាំងបញ្ជាក់សារជាថ្មី នូវឆន្ទៈរួមក្នុង ការលើកកម្ពស់ពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិលោកដោយផ្អែលលើច្បាប់ ដែល ប្រទេសទាំងអស់ ទោះបីជាប្រទេសធំ ឬតូច ត្រូវតែគោរពនូវអធិបតេយ្យ ទទួលបាននូវ ការផ្តល់តម្លៃនិងភាពថ្លៃថ្នូរដូចៗគ្នា។
ជាការពិតណាស់ អធិបតេយ្យរបស់កម្ពុជាត្រូវបានពង្រឹង ខណៈពេលដែលយើងបាន ដោះស្រាយជម្លោះដោយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងបានចូលរួមផ្ដល់ដំណោះ ស្រាយជម្លោះ ចំពោះបញ្ហាប្រឈមសាកលនានា ដូចជា ការប្រែប្រួលអាកាសធាតុ សន្តិ ភាពនិងសន្តិសុខ និង ជំងឺរាតត្បាតជាដើម។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែង និងវិនិយោគ ធនធានបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសន្ទនាសាកលប្រកបដោយបរិយាបន្ន ដើម្បីកសាងកុងសង់ស៊ុសសាកល និងសម្ព័ន្ធភាពនៃប្រទេសដែលមានទស្សនៈដូចគ្នា ដើម្បី ដោះស្រាយបញ្ហាសាកលទាំងឡាយ។
បើតាមសម្តេចប្រធានរដ្ឋសភា , ” ខ្ញុំសូមគូសបញ្ជាក់ថា ភាពខ្លាំងរបស់យើងទាំងអស់គ្នា មិនមែនស្ថិតនៅលើការបែកបាក់ នោះទេ តែផ្ទុយទៅវិញ គឺស្ថិតលើការសន្ទនានិងកិច្ចសហប្រតិបត្តិការ មិនមែនស្ថិតលើ ឯកតោភាគីនិយមទ ប៉ុន្តែស្ថិតនៅក្នុងឆន្ទៈរួម និងពហុភាគីនិយម។ យើងសង្ឃឹមថា យើងមានកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងត្រង់ទៅតង់មក។
ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផល ប្រយោជន៍ជាតិ។ ជាប្រទេសតិច មិនមែនមានន័យថា យើងមិនមានសិទ្ធិស្វ័យសម្រេច ឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់យើង ចំពោះសន្តិភាព និងគោល នយោបាយការបរទេសយ៉ាងច្បាប់ជាគោល” ។
ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ” ខ្ញុំសុំលើកនូវយោបល់ចំនួន ៣៖
ទី ១៖ យើងត្រូវវិនិយោគជាប្រចាំលើការកសាងសន្តិភាព ការទូតបង្ការ និងការ
គ្រប់គ្រងវិបត្តិដោយប្រសិទ្ធភាព
ទី ២៖ យើងត្រូវពង្រឹងប្រព័ន្ធពហុភាគីនិយមមានភាពបើកចំហរ បរិយាបន្ន និងច្បាប់ ជាធំ
ទី ៣៖ យើងត្រូវលើកកម្ពស់អភិក្រមនិយមកណ្តាល យកប្រជាជនជាគោល ក្នុងការគ្រប់គ្រងវិបត្តិ និងដោះស្រាយជម្លោះ និងលើកកម្ពស់របៀបវារៈស្ត្រី សន្តិភាព និង សន្តិសុខ” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










