ភ្នំពេញ៖ ក្រុមពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កើតទុក្ខមិនសុខចិត្តរឿងធ្វើប្លង់ដី ឥឡូវនេះ បាននាំគ្នាផ្តិចមេដាយ ដាក់ពាក្យប្តឹង លោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដីដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល ដែលបានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ដើរទារលុយពីប្រជាពលរដ្ឋពី ៥ម៉ឺនរៀលទៅ ២៥ម៉ឺនរៀលក្នុង ១ប្លង់ដី ដោយមិនមានវិក្កយបត្រកំណត់ដោយរដ្ឋនោះទេ ជាថ្នូរនិងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី។
យោងតាមពាក្យបណ្តឹង ដែលការិយាល័យសារព័ត៌មាន ទទួលបាននៅពេលថ្មីៗនេះ មានខ្លឹមសារថា សូមគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ កម្មវត្ថុសុំប្តឹង លោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល ក្នុងករណីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ដើរទារលុយពី ប្រជាពលរដ្ឋចន្លោះពី ៥ម៉ឺនរៀលទៅ ២៥ម៉ឺនរៀលក្នុង ១ប្លង់ដី ដោយមិនមានវិក្កយបត្រកំណត់ដោយរដ្ឋនោះទេ ។
ពាក្យបណ្តឹងទៅខាងលើសរសេរថា សកកម្មភាពយកលុយមុនសិន ដើម្បីជាថ្នូរនិងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លីនោះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងរៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មិនមានគោលការណ៍ដាក់កំណត់ឲ្យមន្ត្រី តាមបណ្តាខេត្តយកលុយពីពលរដ្ឋជាថ្នូរ និងការចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋនោះឡើយ។
ផ្ទុយទៅវិញ កំឡុងខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រះ ឥន្ធស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លោក ស្រី វិចិត្រ ប្រធានក្រុមវាល បានចុះមកចែកបណ្ណកម្ម សិទ្ធិជូនប្រជាពលរដ្ឋ នៅខែមិថុនា ឆ្នាំ២០២៥ ដដែលនោះ លោក ស្រី វិចិត្រ និងបក្សពួកបានបន្តធ្វើសកម្មភាពចែកបណ្ណជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រះឥន្ធស្មត់ និងភូមិថ្មពូន ឃុំថ្មពូន ដោយយកលុយ លើសពីសេវារបស់រដ្ឋ ដែលបានកំណត់ហើយពលរដ្ឋគាត់ចង់បានលុយត្រឡប់មកវិញ សម្រាប់ដោះស្រាយជីវភាព។
កន្លងទៅ ប្រជាពលរដ្ឋធ្លាប់បានប្តឹងទៅ អភិបាល ស្រុកកញ្ចៀច ក្រោយមកមានកិច្ចអន្តរាគមន៍ខាងស្រុក ចុះធ្វើកំណត់ហេតុភ្លាមៗ រកឃើញថា ពិតជាមានការយកលុយលើសពីសេវារដ្ឋ កំណត់ត្រឹម១ហិចតា ២ម៉ឺនរៀល ដីស្រែ ដីភូមិ ១ហិចតា ៣០ម៉ឺនរៀល។ ប៉ុន្តែបុគ្គល ឈ្មោះ ស្រី វិចិត្រ បានទារលុយស្រេចតែមាត់ បង្ខំឲ្យពលរដ្ឋបង់លុយទៅខ្លួន យកលើសសេវារបស់រដ្ឋ ពី៥ម៉ឺនរៀល ទៅ៧ម៉ឺនរៀល និងរហូតដល់២៥ម៉ឺនរៀលឬលើសពីនេះទៅទៀតក៏មានដែរ។
ពាក្យបណ្តឹងពលរដ្ឋខាងលើបានអះអាងថា ចំពោះការចែកបណ្ណជូនប្រជាពលរដ្ឋទាំងពីរលើកខាងលើនេះគឺ លោក ស្រី វិចិត្រ អនុប្រធាន ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល និង បក្សពួក មានសិទ្ធិសម្រេចធំណាស់ហ៊ានយកលុយតាមអំពើចិត្តខុសពីគោលការណ៍របស់រដ្ឋបានកំណត់ ធ្វើឲ្យពលរដ្ឋមួយចំនួនមិនមានលុយគ្រប់ក៏ត្រូវខ្ចីលុយធនាគារ ដើម្បីបង់ឲ្យគ្រប់ដែរគឺ ក្នុងម្នាក់ៗ ចន្លោះពី ៥ម៉ឺនរៀលក្នុង១ប្លង់តូចៗ និងបងប្អូនខ្លះមានក្បាលដីចែកឲ្យកូនច្រើននាក់ក៏ត្រូវចំណាយលុយដែរ ដើម្បីបានប្លង់កម្មសិទ្ធិយកមកប្រើប្រាស់។
ក្នុងករណីនេះ សម្រាប់ ពលរដ្ឋ ដោយសារការ ភ័យខ្លាច មិនបានបណ្ណកម្មសិទ្ធិដីធ្លីយក មកប្រើប្រាស់និងគិតថា ជាគោលករណ៍របស់រដ្ឋទើបពលរដ្ឋម្នាក់ៗ ពេលឃើញមន្ត្រីសុរិយោដីចុះមកចែកបណ្ណម្តងៗ ក៏ខំរកលុយខ្ចីគេឯងឲ្យបាន និងពលរដ្ឋខ្លះទៀតចងការអង្គការ ដើម្បីបានលុយត្រៀមយកបណ្ណ កម្មសិទ្ធិទុកប្រើប្រាស់សម្រាប់កូនចៅបន្តតទៀត។
ផ្ទុយទៅវិញករណីនេះ ក៏មានការបែកត្រូវធ្លាយ រឿង លោក ស្រី វិចិត្រ ប្រធានក្រុមវាល បានទៅចែកបណ្ណដីធ្លីនៅភូមិ ត្រពាំងក្រាញ់ ឃុំ ព្រាល ស្រុកកញ្ចៀច ត្រូវពលរដ្ឋបកអាក្រាដថា មន្ត្រីរូបនេះបានយកលុយជាថ្នូរនិងការ ចែកបណ្ណនោះ គឺគ្មានគោលការណ៍ពីរដ្ឋឡើយ ដោយបានឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដើម្បីជំរិតទារលុយពីពលរដ្ឋខុសពីគោលការណ៍រដ្ឋជាពិសេស ផ្ទុយនឹង អនុសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើប លោក ស្រី វិចិត្រ លែងហ៊ានចូលមកចែកបណ្ណនៅភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ចៀចបន្តទៀត។
ដោយឡែកសកម្មភាពរបស់ លោក ស្រី វិចិត្រ បន្ទាប់ពីបានបែកធ្លាយរឿងយកលុយលើសគោលការណ៍រដ្ឋនោះប្រជាពលរដ្ឋ បានមកប្តឹងនៅសាលាស្រុកកញ្ចៀច ដោយទទួលបានព័ត៌មានបែបនេះភ្លាម លោក សឿង សុជាតិ អភិបាលស្រុកកញ្ចៀចក៏បានចាត់វិធានការ បញ្ជាឲ្យអាជ្ញាធរឃ្លាំមើលបើឃើញ បុគ្គល ឈ្មោះ ស្រី វិចិត្រ មានតួនាទីជាអនុប្រធានវាលក្រុមទី៥ មកចូលទឹកដីស្រុកកញ្ចៀចចុះចែកប័ណ្ណកម្មសិទ្ធទៀត នឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនទុកតែម្តង ប៉ុន្តែមួយរយៈនេះ លោក ស្រី វិចិត្រ បានគេចមុខបាត់ឈឹងលែងហ៊ានចូលទឹកដីស្រុកកញ្ចៀចទៀតហើយ សូម្បីតែពលរដ្ឋនៅឃុំខាងលើ និងឃុំគោកគង់កើតឬឃុំផ្សេងៗទៀត ក៏គុំនឹងលោក ស្រី វិចិត្រដែរ ព្រោះបានឃុបឃិតនិងមេឃុំលួច ចេញប្លង់ស៊ីញ៉េលើ ដីទំនាស់៣គ្រួសារ ដែលជាកម្មសិទ្ធិពលរដ្ឋមិនទាន់បានដោះស្រាយនៅឡើយ ។
យោងតាមលិខិតផ្លូវការមួយដែលសារព័ត៌មានទទួលបានពីសាលាស្រុកកញ្ចៀច ផ្ញើជូនទៅ លោក សឿង សុជាតិ អភិបាលស្រុកបង្ហាញថា«ដោយមើលឃើញការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋតាមបណ្តាភូមិឃុំកន្លងមក លោក ស្រី វិចិត្រ មានតួនាទីជាអនុប្រធានវាលក្រុមទី៥ ប្រចាំស្រុកកញ្ចៀច បានចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ច្បាស់លាស់ អណាធិបតិយ្យ យកប្រាក់តាមតែអំពើចិត្ត តាមតែមាត់ថា ធ្វើឲ្យមាន បញ្ហាជាច្រើន ជាមួយប្រជាពលរដ្ឋកន្លងមក អ្នកដែលមកយកជំនួសបងប្អូនសាច់ញាតិត្រូវបង់ប្រាក់ ជូនគាតក្នុងមួយ ប្លង់៥ម៉ឺនរៀល ប្រព្រឹត្តនៅភូមិគោករការ ឃុំក្រាល និងភូមិថ្មពូន ឃុំថ្មពូន ក្រោយមកប្តូរមកយកត្រឹមតែ ៣ម៉ឺនរៀលវិញ នៅភូមិក្បាលដំរី ឃុំថ្មពូន ថ្មីៗកន្លងមកនេះ»។
លិខិតរបស់មន្រ្តីសាលាស្រុកកញ្ចៀចខាងលើបានលាតត្រដាងថា ការមិនចេញបង្កាន់ដៃបង់ទឹកប្រាក់ ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ និងជាក់លាក់គឺខុសនឹងផ្លូវច្បាប់ ត្រូវមានទោសធ្ងន់ធ្ងរ។ ហេតុដូច្នោះសូមលោកអភិបាលស្រុក ជួយទប់ស្កាត់ភាពមិនប្រក្រតីរបស់ លោក ស្រី វិចិត្រ ក្នុងការចុះចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋតាមបណ្តាលភូមិ ដែលនៅសេសសល់ និងការចេញលិខិតផ្ទេរប័ណ្ណកម្មសិទ្ធ លិខិតពាក់ព័ន្ធដីធ្លីនានានៅក្នុងស្រុកកញ្ចៀចបន្តទៅទៀតនេះផង។
ជុំវិញពាក្យបណ្តឹងខាងលើ សម្រាប់មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយវិញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងត្រឹមតែមួយថ្ងៃគត់ ក៏បានកោះហៅតំណាងពលរដ្ឋខាងលើ មកសាកសួរបន្ថែមទៀតផងដែរ ជុំវិញពាក្យបណ្តឹងករណី លោក ស្រី វិចិត្រ ចែកប័ណ្ណកម្មសិទ្ធដី ជូនប្រជាពលរដ្ឋរួចទារលុយ ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ច្បាស់ពីរដ្ឋនោះ កំពុងតែដំណើរការទៅតាមនីតិវិធីនិងការស៊ើបអង្កេតពីមន្រ្តីជំនាញ។
ជុំវិញករណីពុករលួយនេះ ប្រជាពលរដ្ឋនៅភូមិគោករការ ឃុំក្រាល និងភូមិថ្មពូន ឃុំថ្មពូនបានគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ដោយយោងលើសកម្មភាពការចែកបណ្ណជូនពលរដ្ឋជាថ្នូរនិងការបង់ប្រាក់លើសកំណត់ ផ្ទុយទៅនិងច្បាប់រដ្ឋ ធ្វើសកម្មភាព ដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ដោយការបង់ប្រាក់នោះ គឺ គ្មានវិក្កយបត្រ ជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយនាំឲ្យខូចឈ្មោះមន្ត្រីស្អាតស្អំដែលខិតខំបម្រើរាស្ត្រ ហេតុដូច្នោះហើយ យើងខ្ញុំ សូមស្នើសុំ ឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ីបអង្កេតលើ លោក ស្រី វិចិត្រ ដើម្បីយកផ្តន្ទាទោសនឹងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
រឿងនឹងឥឡូវនៅអ្នកឃុំផ្សេងទៀត ត្រៀមដែរហើយ ដាក់ពាក្យមកក្រសួងដែនដី រឿងឃុបឃិតចេញប្លង់ដីស្រែប្រជាជនដាក់ឈ្មោះមេឃុំគោកគង់ខាងកើតស្រុកកញ្ចៀច៕ ដោយ៖CEN






























