Thursday, October 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលអំពីការវាយតម្លៃ កម្រិតសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន ក្នុងបំណងផ្តល់ចំណេះដឹងដល់មន្ត្រី និងអ្នកអនុវត្តគម្រោង

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពីអង្គការ Vital Strategies នៃបណ្តាញដៃគូដើម្បីសុខុមាលភាពទីក្រុង បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការវាយតម្លៃ កម្រិតសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន ក្នុងបំណងផ្តល់ចំណេះដឹងដល់មន្ត្រី និងអ្នកអនុវត្តគម្រោងនានា ពាក់ពន្ធ ដល់សុវត្ថិភាពសិស្សនៅតាមសាលារៀន ប្រើប្រាស់បច្ចេកទេសធ្វើការវាយតម្លៃអំពីកម្រិតសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន និងមានអំណះអំណាងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ ក្នុងការកែលំអរសំដៅលើកកម្ពស់កម្រិតសុវត្ថិភាពឲ្យកាន់តែល្អប្រសើរថែមទៀត ខណៈរាជធានីភ្នំពេញនៅតែជាចំណុចប្រឈមទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរជាប្រចាំនោះ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងមួយថ្ងៃពេញនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្ដម ពេញ ធារម្យ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញនិងលោក ហ្វាហាដ អាលី (Farhad Ali) នាយករងប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក នៃបណ្តាញដៃគូដើម្បីសុខមាលភាព ទីក្រុង (Partnership for Healthy Cities) នៅសាលារាជធានីភ្នំពេញ។

លោក ហ្វាហាដ អាលី បានមានប្រសាសន៍លើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ដើម្បីដាក់គោលដៅពង្រឹង សន្តិសុខ សុវត្តិភាពជូនកុមារ វាយតម្លៃ និងសិក្សាកែលំអរ នៅតំបន់ជុំវិញសាលា ដោយមួយនិងការគូសគំនូសចរាចរណ៍ ជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់កុមារ។
លោក ហ្វាហាដ អាលី បានបញ្ជាក់ថា៖ ក្រោយពីគម្រោងសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន សាកល្បងនេះត្រូវបានបញ្ចប់ វានឹងក្លាយជាគំរូមួយ យកទៅអនុវត្តទៅតាមទីតាំងសាលារៀនផ្សេងទៀត ដើម្បីសុវត្ថិភាពកុមារ។ លោកបានរំពឹងទុកថា ក្រោយវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទាំងអស់នឹងបានយល់ដឹងពីវត្ថុបំណងនៃគម្រោង និងឈានទៅដល់ការជួយកុមារកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្ដម ពេញ ធារម្យ បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលនេះ ជាគម្រោងថ្មី មួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពីអង្គការ Vital Strategies នៃបណ្តាញដៃគូដើម្បីសុខុមាលភាព ទីក្រុង។

ឯកឧត្ដមអភិបាលរងរាជធានីបានបន្តថា៖ គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាបញ្ហាដ៏គួរបារម្ភ ដោយបង្ករឱ្យមាន អ្នកស្លាប់ នឹងរបួស ព្រមទាំងការបាត់បង់នូវទ្រព្យសម្បត្តិរដ្ឋ និងឯកជនជា រឿងរាល់ថ្ងៃ។ “សោកនាដកម្មនេះ មិនត្រឹមតែបានបន្សល់ទុកនូវផលវិបាក ជាច្រើនចំពោះគ្រួសារជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងក្លាយជាបន្ទុកដ៏ធ្ងន់ ចំពោះសង្គមជាតិថែមទៀត ផង។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃវិបត្តិដែលបានលើកឡើងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈអនុ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី បានដាក់ចេញនូវ វិធានការនានាជាច្រើន ក្នុងបំណងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កររបួស ស្នាម និងអាយុជីវិតអ្នកធ្វើដំណើរទូទៅ ជាពិសេសចំពោះកុមារដែលជាសរសរ ទ្រូងរបស់ប្រទេសជាតិរបស់យើង។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះ គឺ ស្របតាមផែនការជាតិ ទស្សវត្សសុវិត្ថិភាពចរាចរណឆ្នាំ២០២១-២០៣០ ដែលកម្ពុជាបានប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន៥០%ត្រឹម ឆ្នាំ២០៣០ខាងមុខ។

ឯកឧត្ដមពេញ ធារម្យ បានបន្តទៀតថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរក្សាបាននូវសន្តិសុខ ស សណ្តាប់ធ្នាប់ និងសន្តិភាពដ៏ពេញលេញដែល ជាហេតុធ្វើឲ្យប្រទេស ជាពិសេសរាជធានីភ្នំពេញ មានការរីកចម្រើន ជាលំដាប់។

ឯកឧត្ដមបានបញ្ជាក់ថា បើទោះបីជាមាន កិច្ចខិតខំដោះស្រាយបញ្ហាចរាចរណ៍យ៉ាងណាក៏ដោយ ក៏រាជធានីភ្នំពេញនៅតែឈរ នៅលំដាប់ទី១ ចរាចរណ៍ប្រចាំឆ្នាំដែរ។ យោងតាមរបាយការណ៍ជនរងគ្រោះ និងគ្រោះថ្នាក់ ដែលមានអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ បង្ហាញថាក្នុងទូទាំងប្រទេសមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ៣.០៣៩ករណី មានជនរងគ្រោះសរុប១០.៩៤០នាក់ និង មានអ្នកបាត់បង់ជីវិតចំនួន១៦២២នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញមានអ្នក ស្លាប់៣០៤នាក់ ពោលគឺប្រមាណជា១ភាគ៥នៃចំនួនអ្នកស្លាប់សរុបប្រចាំឆ្នាំ ហើយក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតទូទាំងប្រទេសនេះ មាន កុមារអាយុចន្លោះពី៥ ដល់១៩ឆ្នាំ សរុបចំនួន៣២៥នាក់ និងសិស្ស ចំនួន២២១នាក់។

ចំនួននេះបង្ហាញពីអត្រាខ្ពស់មួយ “ដែលយើងចាំបាច់ត្រូវរកវិធី ដោះស្រាយជាទាំងអស់គ្នា។ ដោយមើលឃើញពីផលប៉ះពាល់ដ៏ធំធេងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកៀងគរដៃគូរអភិវឌ្ឍ សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដើម្បីចូលរួមសហការតាមគ្រប់លទ្ធភាព ដើម្បីឆ្លើយតបជាបន្តបន្ទាប់ ក្នុងការ ដោះស្រាយបញ្ហាដែលកើតមានដោយសារគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង នាឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពីអង្គការ Vital Strategies នៃបណ្តាញដៃគូដើម្បីសុខុមាលភាពទីក្រុង បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការវាយតម្លៃ ម្រិតសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន (SR4S) នាថ្ងៃនេះឡើង ក្នុងបំណងផ្តល់ចំណេះដឹងដល់មន្ត្រី និងអ្នកអនុវត្តគម្រោងនានាដែលពាក់ពន្ធ ដល់សុវត្ថិភាពសិស្សនៅតាមសាលារៀនប្រើប្រាស់បច្ចេកទេសធ្វើការវាយតម្លៃអំពីកម្រិតសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន និងមានអំណះអំណាងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ ក្នុងការកែលំអរសំដៅលើកកម្ពស់កម្រិតសុវត្ថិភាពឲ្យកាន់តែល្អប្រសើរថែមទៀត៕ #cities4health រក្សាសិទ្ធដោយ៖សុទ្ធលី

×