Thursday, October 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម៉ាក់អំពាវនាវបងប្អូនប្រជាពលរដ្ឋករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ

ភ្នំពេញ ៖ ស៊ីម៉ាក់-CMAC អំពាវនាវបងប្អូនប្រជាពលរដ្ឋករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។

ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ(កូន)បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ(ឪពុក)រងរបួសធ្ងន់។​

ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ របស់អង្គភាពCMAC បានសន្និដ្ឋានថាគ្រាប់ដែលបង្កផ្ទុះស្លាប់និងរបួសនេះជាគ្រាប់បែកចង្កោមប្រភេទM-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមជំនាញអង្គភាពCMACបានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្រ្ដចំណុចនេះជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2+”។​ ការសន្និដ្ឋានខាងលេី​ ដោយផ្អែកលេីលទ្ធផលនៃការធ្វេីវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ដ្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម​ និងការរៀបរាប់លម្អិតរបស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្ដាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។

ឆ្លៀតឱកាសនេះ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ សូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×