រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបាយការណ៍វឌ្ឍនភាព នៃការស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់ លោក ស៊ាន បូរ៉ាត អតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា ករណី ឆបោកប្រាក់រាប់លានដុល្លារ។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញរបាយការណ៍ឲ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ លោកថា រហូតមកដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណី លោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់ព័ន្ធនឹង អតីត ឧកញ៉ា ឡេង ចាន់ណា។ អង្គភាពប្រឆាំងអំពើពុករលួយបានការស្តាប់ចម្លើយ លោក ស៊ាន បូរ៉ាត ចំនួន ១៥៧ កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ) ដោយបានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ លោក ស៊ាន ប៊ូរាត និងបានជូនភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរការិយាល័យធ្វើការរបស់ លោក ស៊ាន បូរ៉ាត ផងដែរ។ លោក អ៊ុក សំណាង (ជំនួយការ លោក ស៊ាន បូរ៉ាត) ថា ៖ ក្នុងរយៈពេល ២៤ថ្ងៃ បានស្តាប់ចម្លើយចំនួន ១២៥ កំណត់ហេតុ, លោក ស៊ិន សុខគា អតីតស្វាមី លោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល ៣ថ្ងៃ ស្តាប់ចម្លើយ ៤២ កំណត់ហេតុ។ លោក ស ថាវី ក្នុងរយៈពេល១ថ្ងៃ ស្តាប់ចម្លើយបាន ៨កំណត់ហេតុ, អ្នកស្រី ធាម លីណា (ភរិយា លោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២ កំណត់ហេតុ។ ក្នុងរយៈពេល ៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារ លោក កែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ ១. ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ, ២. ចាន់ ឃឹម ៨៤កំណត់ហេតុស្តាប់ចម្លើយ, ៣. ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ, ៤. ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ, ៥. ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ចម្លើយ, ៦. អ៉ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ, ៧. សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ, ៨. រ៉េត សុធីតា ១៩ កំណត់ហេតុស្តាប់ចម្លើយ, ៩. ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០. ឃុច ចំរើន ២៤ កំណត់ហេតុស្តាប់ចម្លើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី









