Saturday, November 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង ៖ សូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ប្រទេសជាតិ រីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ការលើកឡើងរបស់ឯកឧត្តមឃួង ស្រេងបែបនេះ បានធ្វើឡើងក្រោយបានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាពនិងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ជាក់ស្ដែងយើងបានឃើញហើយថា កាលពីថ្ងៃទី២៦ តុលាកន្លងមកនេះ សម្ដេចបបរធិបតី បានបង្ហាញឲ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការនាំប្រទេសជាតិមកនូវសន្តិភាពពេញលេញ ដែលយើងគ្រប់គ្នាជឿទុកចិត្តបានហើយបានធ្វើឱ្យប្រទេសជាតិរួចផុតពីសង្គ្រាមកាត់បន្ថយបានការស្លាប់និងរបួសកងទ័ពនិងប្រជាពលរដ្ឋទាំងសងខាងថែមទៀតផង។

ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីវិស័យអប់រំក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាមិនមានអ្វីទាំងអស់។ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះទើបធ្វើឲ្យវិស័យអប់រំមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានសូមឱ្យកូនក្មួយទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីយកចំណេះវិជ្ជាទាំងនេះមកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាអាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាននិងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា៖ ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរ សិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ចាក់ទី១២ ដែលមកពី មកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានីមានចំនួន២៤នាក់ ក្នុងនោះយុវតី១០នាក់ ហើយសិស្សពូកែទាំងនេះ បានទៅប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីម សន្ធម៉ុក រាជធានីភ្នំពេញ ដែលបេក្ខជនមកពីគ្រប់រាជធានី ខេត្តចំនួន២៤០នាក់។ ជា លទ្ធផល រាជធានីភ្នំពេញ ដណ្តើមបានជ័យលាភីចំនួន ៦ នាក់ យុវតី ២ នាក់ ក្នុងនោះមេដាយមាស ១ លើមេដាយមាសទូទាំងប្រទេស៦ នាក់ មេដាយប្រាក់ ៣ លើមេដាយប្រាក់ទូទាំងប្រទេស៦ មេដាយសំរិទ្ធ ១លើមេដាយសំរិទ្ធទូទាំងប្រទេស៦ ទទួលបានវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៤ ចំនួន ១ នាក់។

លោកប្រធានបន្តថា៖ ចំពោះសម្ភារៈ និងការសំណេះសំណាលពីសំណាក់ឯកឧត្តមឃួង ស្រេង នាពេលនេះជាការលើកទឹកចិត្តដល់គណៈនាយកគ្រប់គ្រឹះស្ថានសិក្សា និងគណៈនាយកសាលគ្រប់កំរិតលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ឱ្យខិតខំបង្រៀន និងរៀនបន្ថែមទៀត។ ជាការតបស្នងចំពោះការយកចិត្តទុកដាក់នេះជំនួសមុខឱ្យមន្ត្រីអប់រំទូទាំង រាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តចូលរួមបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×